កិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល
AKP ភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦-- នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្ត ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ដើម្បីណែនាំបច្ចេកទេសក្នុងដំណើរការប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

កិច្ចប្រជុំនេះបានធ្វើការណែនាំអំពីយន្តការរដ្ឋបាល សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបច្ចេកទេសដល់គណៈកម្មការអប្បមាទ ប្រធាន និងអនុប្រធានមណ្ឌល។ ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី/ខេត្តនីមួយៗ បានណែនាំដល់គណៈកម្មការអប្បមាទ ប្រធាន និងអនុប្រធានមណ្ឌល ត្រូវអានកម្រងភារកិច្ចបន្ថែមក្នុងសៀវភៅណែនាំ ព្រមទាំងសូមរក្សាសុខភាពគ្រប់ពេលវេលា និងត្រូវមានការប្រុងប្រយ័ត្នដោយរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ប្រធាន អនុប្រធាន និងសមាជិកអប្បមាទទូទាំងប្រទេស ប្រធាន និងអនុប្រធានមណ្ឌលសំណេរ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរដែនដី ដែលនឹងចូលរួមសហការគ្នាដើម្បីឱ្យដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយរលូន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





