ប្រមុខការទូតកម្ពុជា៖ក្នុងនាមជាប្រទេសសមាជិក អាស៊ាន និងជារដ្ឋភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ យើងត្រូវមានការទទួល ខុសត្រូវរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ -- ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសសមាជិក អាស៊ាន និងជារដ្ឋភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ យើងត្រូវមានការទទួល ខុសត្រូវរួមគ្នា មិនត្រឹមតែក្នុងការបញ្ជាក់ឡើងវិញនូវគោលការណ៍ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវ ធានាថា គោលការណ៍ទាំងនេះត្រូវបានគោរពនិងអនុវត្តប្រកបដោយសង្គតិ ភាព។

ក្នុងសារទិវាអាស៊ានអបអរសាទរខួបអាស៊ានលើកទី៥៩ (៨ សីហា ១៩៦៧ - ៨ សីហា ២០២៦)ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិបានលើកឡើងថា៖"ថ្ងៃនេះ ខណៈដែលយើងប្រារព្ធខួបអាស៊ានលើកទី៥៩ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតពី រាជធានីភ្នំពេញ ជូនដល់ប្រទេសសមាជិកអាស៊ានទាំងអស់ និងប្រជាជន ក្នុងតំបន់របស់យើង"។
ឯកឧត្តមបានលើកឡើងថាឆ្នាំនេះក៏ជាខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ផងដែរ ខណៈដែលអាស៊ានវិវត្តទៅមុខ ក្រោមភាពជាប្រធា នអាស៊ានរបស់ហ្វីលីពីន ជាមួយនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា (Navigating Our Future, Together)"។
អស់រយៈពេលជិតប្រាំមួយទសវត្សរ៍មកនេះ អាស៊ានបានជួយផ្លាស់ប្តូរអាស៊ីអាគ្នេយ៍ពីតំបន់មួយដែល បានកត់សម្គាល់ដោយការបែងចែក និងភាពមិនប្រាកដប្រជា ទៅជាតំបន់មួយដែលកំណត់កាន់តែខ្លាំងឡើង ដោយការសន្ទនា កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ ដឹកនាំដោយធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ អាស៊ានបានក្លាយជាវេទិកាដែលមិនអាចខ្វះបានសម្រាប់ សន្តិភាពនិងស្ថិរភាពតំបន់។
សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍បានក្លាយជាចំណុចស្នូល ក្នុងការសម្រេច បាននូវសមិទ្ធផលនេះ។ សម្រាប់រយៈពេលប្រាំទសវត្សរ៍នេះ សន្ធិសញ្ញាមិត្តភាពនិងសហប្រតិប ត្តិការនៅ អាស៊ីអាគ្នេយ៍ បានផ្តល់ជាក្របខ័ណ្ឌរួមសម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាពរវាងរដ្ឋ។ ការកើនឡើង ជាបន្តបន្ទាប់នៃប្រទេសស្នើសុំចូលជាភាគីនៃសន្ធិសញ្ញានេះ បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើគោល ការណ៍ និងគុណតម្លៃនានា ដែលអាស៊ានបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនជាយូរមកហើយ។
ទោះបីជាយ៉ាងនេះក្តី នាពេលបច្ចុប្បន្ន យើងកំពុងប្រឈមនឹងពិភពលោកមួយដែលមានភាពមិន ប្រាកដប្រជាកាន់តែខ្លាំងជាងមុន។ ជម្លោះប្រដាប់អាវុធកំពុងកើតឡើងជាថ្មី ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយកំពុងកើនឡើងកម្ដៅ ហើយច្បាប់អន្តរជាតិ និងពហុភាគីនិយមកំពុងរងសម្ពាធកាន់តែតានតឹង។
ដូចដែលលោកជំទាវរដ្ឋមន្ត្រីការបរទេស Ma. Theresa P. Lazaro បានរំឭកយើងយ៉ាងត្រឹមត្រូវ នៅក្នុងសុន្ទរកថានៃការប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ថា សន្តិភាពគឺមានភាពផុយស្រួយ។ នេះមិនមែនជាលក្ខខណ្ឌដែលយើងគ្រាន់តែទទួលមរតកធម្មតានោះទេ។
ប្រមុខការទូតកម្ពុជាបានបន្តថាសន្តិភាពគឺជាជម្រើសប្រចាំថ្ងៃ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ភាពអត់ធ្មត់ដោយមាន ការគិតគូរច្បាស់លាស់ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះនីតិរដ្ឋ។
សារនេះមានសារៈសំខាន់ជាពិសេសសម្រាប់អាស៊ាន។ ភាពពាក់ព័ន្ធនៃសន្ធិសញ្ញាមិត្តភាពនិងសហ-ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ រួមមាន៖ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យនិងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកផងគ្នា ការដោះស្រាយជម្លោះដោយសន្តិវិធី ការលះបង់ចោលនូវការគំរាមកំហែងឬការប្រើប្រាស់កម្លាំង និងកិច្ច គឺស្ថិតលើការប្តេជ្ញាចិត្តរបស់យើងចំពោះគោលការណ៍គ្រឹះរបស់សន្ធិសញ្ញានេះ សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។
គោលការណ៍ទាំងនេះគឺជាមូលដ្ឋាននៃភាពជឿជាក់របស់អាស៊ាន។ ក្នុងនាមជាប្រទេសសមាជិក អាស៊ាន និងជារដ្ឋភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ យើងត្រូវមានការទទួល ខុសត្រូវរួមគ្នា មិនត្រឹមតែក្នុងការបញ្ជាក់ឡើងវិញនូវគោលការណ៍ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវ ធានាថា គោលការណ៍ទាំងនេះត្រូវបានគោរពនិងអនុវត្តប្រកបដោយសង្គតិ ភាព។
គុណតម្លៃពិតប្រាកដ នៃគោលការណ៍ទាំងនេះគឺស្ថិតនៅលើរបៀបនៃការប្រព្រឹត្តដោយភាពស្មោះត្រង់ ក្នុងពេលដែលទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋស្ថិតក្រោមភាពតានតឹង។
ជាក់ស្តែងនៅក្នុងកាលៈទេសៈបែបនេះហើយ ដែលការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះគោលការណ៍ ទាំងនេះត្រូវបានយកមកសាកល្បង។ ដូច្នេះ ជម្លោះព្រំដែនរវាងកម្ពុជានិងថៃមិនអាចចាត់ទុកគ្រាន់តែជា បញ្ហាទ្វេភាគីតែមួយគត់នោះទេ។ បញ្ហានេះក៏ពាក់ព័ន្ធផងដែរទៅនឹងអាស៊ាន ដែលបានប៉ះពាល់ផ្ទាល់ទៅ ដល់គោលការណ៍គ្រឹះ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅ អាស៊ីអាគ្នេយ៍។
មានតែដំណោះស្រាយដែលត្រឹមត្រូវ ដោយសន្តិវិធី និងមាននិរន្តរភាពប៉ុណ្ណោះ ទើបអាចអនុញ្ញាត ឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅក្បែរខាងគ្នា ក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ហេតុដូច្នេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងមានប្រសិទ្ធភាព នូវខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញភ្លាមៗនូវការងារវាស់វែង និងការបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ព្រមទាំងការវិលត្រឡប់របស់ ប្រជាពលរដ្ឋស៊ីវិលដែលភៀសសឹក ទៅកាន់ផ្ទះសម្បែង និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីវិញ ដោយ គ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ឱ្យបានឆាប់បំផុត។
ឯកឧត្តមបញ្ជាក់បន្ថែមថា៖"នៅក្នុងបរិយាកាសមិនប្រាកដប្រជានេះ អាស៊ានមិនអាចស្ថិតក្នុងស្ថានភាពអសកម្មបានឡើយ។ យើងមិនត្រឹមតែត្រូវឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះប៉ុណ្ណោះទេ យើងចាំបាច់ត្រូវតែជួយតម្រង់ទិសនៃ ការផ្លាស់ប្តូរនេះ។ ដូច្នេះ ឯកភាពនិងមជ្ឈភាពអាស៊ាននៅតែជាកត្តាដែលមិនអាចខ្វះបាន។ មជ្ឈភាពត្រូវតែឆ្លុះបញ្ចាំងឡើងតាមរយៈភាពស៊ីសង្វាក់គ្នា ភាពឆ្លើយតប និងសមត្ថភាពរបស់យើង ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍នានា និងការផ្តល់នូវលទ្ធផលប្រកបដោយអត្ថន័យសម្រាប់ប្រជាជនរបស់យើង"។
ឯកឧត្តមថាកម្ពុជាមានមោទនភាពចំពោះភាពជាសមាជិកអាស៊ាន ចាប់តាំងពីឆ្នាំ១៩៩៩។ យើងនៅតែបន្តប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការពង្រឹងឯកភាព ភាពធន់ និងភាពពាក់ព័ន្ធរបស់អាស៊ាន ព្រមទាំងការប្រកាន់ខ្ជាប់នូវ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ទាំងក្នុងគោលការណ៍ និង ភាពជាក់ស្តែង។
ជាចុងក្រោយ អនាគតរបស់អាស៊ានគឺជារបស់យើងដែលត្រូវកំណត់។ ភាពជោគជ័យរបស់អាស៊ាន មិនត្រឹមតែអាស្រ័យលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមយ៉ាងសកម្មពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន ផងដែរ។ ទាំងអស់គ្នា យើងត្រូវរួមគ្នា ពង្រឹងអត្តសញ្ញាណរួមរបស់អាស៊ាន និងជំរុញស្មារតីទទួលខុសត្រូវរួម សម្រាប់អនាគតនៃតំបន់របស់យើង។
ស្របពេលដែលយើងប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC) សូមឱ្យយើងរួមគ្នាបន្តប្តេជ្ញា ដើម្បីប្រែក្លាយគោលការណ៍នៃសន្ធិសញ្ញាដ៏ស្ថិតស្ថិរនេះទៅជា ការប្រតិបត្តិជាក់ស្តែង និងថែរក្សាសន្ធិសញ្ញានេះឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រស់រវើកសម្រាប់សន្តិភាព និង កិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់របស់យើង និងតំបន់ផ្សេងៗទៀត។
សូមឱ្យយើងរួមគ្នាធានាថា ជំនាន់ក្រោយៗអាចរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរក្សាបាន នូវសន្តិភាពផ្ទៃក្នុង មានទំនុកចិត្តលើអត្តសញ្ញាណរបស់ខ្លួន និងមានសមត្ថភាពក្នុងការកំណត់ជោគវាសនា ដោយខ្លួនឯង៕
ដោយ៖ ប៊ុនរិទ្ធ





