អង្គការសហប្រជាជាតិប្រឆាំងនឹងការវាយប្រហារដែលសម្លាប់ជនស៊ីវិល និងកុមារ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ហ្វាហាន់ ហាក បានប្រាប់សារព័ត៌មានតាសស៍ (TASS) ដោយធ្វើអត្ថាធិប្បាយទៅលើការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើសួនកុមារមួយក្នុងតំបន់ប៊ែលហ្គោរ៉ូដ និងនៅលើឆ្នេរខ្សាច់នៅអាឃីប៉ូ-អូស៊ីប៉ូវកា នៅជិតតំបន់ហ្កេលេនហ្ស៊ីក ថា អង្គការសហប្រជាជាតិប្រឆាំងនឹងការវាយប្រហារណាមួយដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាជនស៊ីវិល ជាពិសេសកុមារ។
លោក ហាក បាននិយាយថា «យើងប្រឆាំងនឹងការវាយប្រហារទាំងអស់ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួស ជាពិសេសការវាយប្រហារដែលបណ្តាលឱ្យកុមារស្លាប់ និងរងទុក្ខ»។
កាលពីថ្ងៃទី០២ ខែសីហា ការវាយប្រហាររបស់អ៊ុយក្រែនទៅលើសួនកុមារមួយក្នុងតំបន់ព្រីនត៍សេវកា និងតំបន់ប៊ែលហ្គោរ៉ូដ បានសម្លាប់ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ និងធ្វើឱ្យកុមារពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃទី០៣ ខែសីហា អ៊ុយក្រែនបានវាយប្រហារឆ្នេរខ្សាច់នៅក្នុងតំបន់អាឃីប៉ូ-អូស៊ីប៉ូវកា ក្នុងទីក្រុងហ្កេលេនហ្ស៊ីក។ យោងតាមទិន្នន័យចុងក្រោយបំផុត បានឱ្យដឹងថា មនុស្សប្រាំពីរនាក់បានស្លាប់ រួមទាំងកុមារបួននាក់ និងមនុស្ស ៥៨នាក់ផ្សេងទៀតបានរងរបួស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





