ទូតកម្ពុជាប្រចាំកូរ៉េពិភាក្សាការងារជាមួយ អគ្គលេខាធិការនៃសមាគមពិភពលោកសម្រាប់សហគ្រាសធុនតូច និងមធ្យម
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦បានទទួល ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមគណៈប្រតិភូដឹកនាំដោយលោកបណ្ឌិត Rhee Sung woo អគ្គលេខាធិការនៃសមាគមពិភពលោកសម្រាប់សហគ្រាសធុនតូច និងមធ្យម (World Association for Small and Medium Enterprises-WASME) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

WASME ជាអង្គការអន្តរជាតិដែលជួយលើកកម្ពស់ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍជំនាញ បណ្តុះបណ្តាលសមត្ថភាព បច្ចេកវិទ្យា ការគ្រប់គ្រងអាជីវកម្ម និងការផ្សព្វផ្សាយ ផ្សេងៗ។ ក្នុងរយៈពេលជាង ៤៥ឆ្នាំ នៃការបើកដំណើរការ សមាគមនេះមានសមាជិកប្រមាណ ១,០០០ ក្រុមហ៊ុន ទូទាំងសាកលលោក។

ក្នុងឱកាសនៃជំនួប ក្រុមគណៈប្រតិភូបានមានចំណាប់អារម្មណ៍លើទីផ្សារគ្រឿងសម្អាងក្នុងប្រទេសកម្ពុជា និងមានបំណងស្វែងរកដៃគូអាជីវកម្ម និងបើករោងចក្រផលិតក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនក្រុមគណៈប្រតិភូអំពីសក្តានុពល លក្ខខណ្ឌអនុគ្រោះ និងអត្ថប្រយោជន៍ផ្សេងៗ ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមក៏បានអញ្ជើញក្រុមគណៈប្រតិ ភូបំពេញទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីសិក្សាបន្ថែមអំពីទីផ្សារកម្ពុជា និងជួបពិភាក្សាដោយផ្ទាល់ជាមួយដៃគូពាក់ព័ន្ធ ហើយស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការសហការសម្របសម្រួលសម្រាប់ជំនួបជាមួយស្ថាប័នពាក់ព័ន្ធ៕
ដោយ ៖ ប៊ុនរិទ្ធ





