ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១ មានអត្តពលិកជាតិ-អន្ដរជាតិ ចូលរួមចំនួន៦,៥០០នាក់
AKP សៀមរាប ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦-- ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១១ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នេះនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុបចំនួន ៦,៥០០នាក់ កើនឡើង ២៥% បើធៀបកាលពីឆ្នាំមុន។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ មកកាន់ព្រឹត្តិការណ៍ម៉ារ៉ាតុងលើកទី១១ នៅទឹកដីអង្គរបេតិភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ។
ឯកឧត្តមទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា ឆ្នាំនេះ គណៈកម្មការរៀបចំទទួលបានអ្នកចូលរួមរត់ប្រណាំងសរុប ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះអត្តពលិកខ្មែរចំនួន ៥,៤៥០នាក់ និងអន្តរជាតិចំនួន ១,០៥០នាក់ មកពី ៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេរួមមានអ្នករត់ជនជាតិចិន, ជប៉ុន និងចក្រភពអង់គ្លេស ដែលចូលរួមរត់លើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។

កំណើនអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះដែរ ក្រោមកិច្ចសហប្រតិបត្តិការរវាង NOCC ជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពីឯឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបផងដែរ។
ជាមួយកំណើននេះ បានបង្ហាញឱ្យឃើញពីការជឿជាក់យ៉ាងមុតមាំរបស់អត្តពលិកជាតិ-អន្ដរជាតិ ចំពោះស្ថេរភាព និងសន្ដិភាពនៅកម្ពុជា ដែលធានាបាននូវភាពកក់ក្ដៅ និងការស្វាគមន៍ភ្ញៀវបរទេសមកពីគ្រប់ទិសទី ពិសេសក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ដែលជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕

ដោយ ឃុត សៅ





