មនុស្ស ៤៦នាក់ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍នាវាវៀតណាមលិចនៅសមុទ្រចិនខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- អាជ្ញាធរនៅទីក្រុងសានសាភាគខាងត្បូងប្រទេសចិន បាននិយាយថា សមាជិកនាវិកសរុបចំនួន ៤៦នាក់នៃនាវាវៀតណាមដែលបានលិច ត្រូវបានជួយសង្គ្រោះនៅក្នុងដែនទឹកក្បែរថ្មប៉ប្រះទឹកយ៉ុងស៊ូ នៃកោះណានសា ក្នុងសមុទ្រចិនខាងត្បូង គិតត្រឹមម៉ោង៩:០០នាទីយប់ថ្ងៃអាទិត្យ រួមទាំងមនុស្សម្នាក់ដែលត្រូវបានជួយសង្គ្រោះដោយភាគីវៀតណាមផងដែរ។
នៅវេលាម៉ោង ៨:០៥នាទីយប់ ភាគីចិនបានផ្ទេរបុគ្គលិកជួយសង្គ្រោះចំនួន ៤១នាក់ជាក្រុមៗតាមរយៈក្បូនសង្គ្រោះពីនាវាជួយសង្គ្រោះចិនNanhai Jiu 115 ទៅនាវាកងទ័ពជើងទឹកវៀតណាម Truong SA-01 និងការផ្ទេរបុគ្គលិកជួយសង្គ្រោះដែលនៅសល់ចំនួនបួននាក់ទៀតកាលពីថ្ងៃចន្ទ។
នៅវេលាម៉ោងប្រហែល ៦:២៣នាទីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន នាវា Nanhai Jiu 115 ដែលដំណើរការដោយការិយាល័យជួយសង្គ្រោះណានហៃ នៃក្រសួងដឹកជញ្ជូន បានប្រទះឃើញសញ្ញាសង្ស័យសុំជំនួយនៅលើសមុទ្រ។ បន្ទាប់ពីរកឃើញក្បូនសង្គ្រោះដែលដឹកមនុស្សជាច្រើនកំពុងគ្រវីសម្លៀកបំពាក់សុំជំនួយ នាវាជួយសង្គ្រោះបានចូលទៅជិតក្បូនសង្គ្រោះដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ។
យោងតាមអាជ្ញាធរស្វែងរក និងជួយសង្គ្រោះតាមសមុទ្រសានសាបានឱ្យដឹងថា អ្នកដែលត្រូវបានជួយសង្គ្រោះទាំងអស់ គឺជាជនជាតិវៀតណាមពីនាវា Khoi Nguyen 18 ដែលមានបញ្ហា ដែលមានបណ្តោយ៦៩,៩ម៉ែត្រ និងទទឹង ១០,៨ម៉ែត្រ ដែលដឹកមនុស្ស ៦២នាក់នៅពេលដែលគ្រោះថ្នាក់បានកើតឡើង។
នាវាចិនចំនួនប្រាំមួយគ្រឿង ឧទ្ធម្ភាគចក្រជួយសង្គ្រោះមួយគ្រឿង និងនាវាវៀតណាមចំនួនប្រាំពីរគ្រឿង នៅតែកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅកន្លែងកើតហេតុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





