ប្រទេសចិនបង្ហាញគោលការណ៍ណែនាំដើម្បីពង្រឹងការងារសង្គម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសចិនបានចេញនូវសំណុំនៃគោលការណ៍ណែនាំ ស្តីពីការពង្រឹងការងារសង្គម ដើម្បីបម្រើសាធារណជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែប្រសើរឡើង។
គោលការណ៍ណែនាំ ដែលបានចេញផ្សាយរួមគ្នាដោយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ បាននិយាយថា ភាពជាអ្នកដឹកនាំរួមរបស់បក្សលើការងារសង្គម ត្រូវតែត្រូវបានគាំទ្រ និងលើកកម្ពស់ ហើយការងារត្រូវតែផ្តោតលើប្រជាជន។
គោលការណ៍ណែនាំទាំងនេះ បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការអនុវត្ត និងអភិវឌ្ឍន៍ «បទពិសោធន៍ហ្វេងឈៀវ» សម្រាប់លើកកម្ពស់ការគ្រប់គ្រងកម្រិតសហគមន៍ក្នុងយុគសម័យថ្មី និងកែលម្អប្រព័ន្ធគ្រប់គ្រងសង្គមដោយផ្អែកលើកិច្ចសហការ ការចូលរួម និងអត្ថប្រយោជន៍រួម។
គោលការណ៍ណែនាំទាំងនេះ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងការកសាងបក្សនៅក្នុងអង្គការសេដ្ឋកិច្ច និងសង្គមប្រភេទថ្មី និងក្នុងចំណោមក្រុមនានាក្នុងទម្រង់ការងារថ្មី។
គោលការណ៍ណែនាំនេះ បានអំពាវនាវឱ្យមានការបង្កើតប្រព័ន្ធគ្រប់គ្រងដែលមានលក្ខណៈសាមញ្ញ មានប្រសិទ្ធភាព និងងាយស្រួលសម្រាប់ប្រជាជនសម្រាប់រដ្ឋាភិបាលថ្នាក់មូលដ្ឋានកម្រិតឃុំ។
វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យបណ្តាញសម្រាប់ការបញ្ចេញមតិ និងតម្រូវការមានភាពរលូន ពង្រីកយន្តការសម្រាប់រក្សាទំនាក់ទំនងជាប្រចាំជាមួយសាធារណជន និងពង្រីកមធ្យោបាយសម្រាប់ការប្រមូលយោបល់សាធារណៈ ដើម្បីដោះស្រាយកង្វល់ និងការលំបាកបន្ទាន់ដែលសំខាន់បំផុតសម្រាប់ប្រជាជនសាមញ្ញបានកាន់តែប្រសើរឡើង។
សេចក្តីណែនាំនេះក៏បានអំពាវនាវឱ្យពង្រីកសេវាកម្មស្ម័គ្រចិត្ត ពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិសម្រាប់ការងារសង្គម និងជំរុញការធ្វើឱ្យប្រសើរឡើងនូវឌីជីថលកម្ម និងបច្ចេកវិទ្យាឆ្លាតវៃរបស់ខ្លួនផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





