ប្រធានាធិបតីបង់ក្លាដែសថ្មីនឹងត្រូវជ្រើសរើសនៅក្នុងសម័យប្រជុំសភានាខែកញ្ញា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីម្នាក់បាននិយាយថាប្រទេសបង់ក្លាដែសនឹងជ្រើសរើសប្រធានាធិបតីថ្មីនៅពេលដែលសភាកោះប្រជុំនៅខែកញ្ញា។
យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អ៊ីមឌី អាសាឌូហ្សាម៉ាន់ (Md Asaduzzaman) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងដាកាថាការបោះឆ្នោតប្រធានាធិបតីត្រូវតែធ្វើឡើងក្នុងរយៈពេល ៩០ថ្ងៃបន្ទាប់ពីការលាលែងពីតំណែងរបស់ប្រធានាធិបតី។ សម័យប្រជុំលើកទីពីរនៃសភាបានបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា។ សម័យប្រជុំលើកទីបីត្រូវតែកោះប្រជុំក្នុងរយៈពេលពីរខែ គឺនៅថ្ងៃទី១៤ ខែកញ្ញា។
លេខាធិការដ្ឋានសភាបានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ប្រធានសភា លោក ហាហ្វីហ្ស អូដឌីន អាហ៍ម៉ាដ (Hafiz Uddin Ahmad) បានចាប់ផ្តើមបំពេញមុខងារជាប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញ បន្ទាប់ពីការលាលែងពីតំណែងរបស់ លោក ម៉ូហាមមេដ សាហាបូដឌីន ជូបពូ (Mohammed Shahabuddin Chuppu)។
ថ្លែងទៅកាន់សារព័ត៌មាន Xinhua លោក អ៊ឹមឌី សាវ៉ា អាឡាម (Md Sarwar Alam) លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីបង់ក្លាដែសបានបញ្ជាក់ថា លោក សាហាបូដឌីន បានដាក់លិខិតលាលែងពីតំណែងដែលបានចុះហត្ថលេខារបស់លោកទៅកាន់ប្រធានសភា ដោយលើកឡើងពីស្ថានភាពជំងឺធ្ងន់ធ្ងរ។
យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសបង់ក្លាដែស សមាជិកសភាគឺជាអ្នកបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី។
ដោយសារគណបក្សជាតិនិយមបង់ក្លាដែស (BNP) របស់នាយករដ្ឋមន្ត្រី លោក តារីក រ៉ាហ៍ម៉ាន់ (Tarique Rahman) កាន់កាប់សំឡេងភាគច្រើននៅក្នុងសភា បេក្ខជនរបស់ខ្លួនត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថានឹងត្រូវបានជ្រើសរើសជាប្រធានាធិបតីបន្ទាប់របស់ប្រទេសបង់ក្លាដែស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





