ចិនបែងចែកថវិកាចំនួន ១៨០លានយ័នសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងការសង្គ្រោះពីព្យុះទីហ្វុង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ ប្រទេសចិនបានបែងចែកជាបន្ទាន់នូវថវិកាចំនួន ១៨០លានយ័ន (ប្រហែល ២៦,៥លានដុល្លារអាម៉េរិក) ជាមូលនិធិសង្គ្រោះគ្រោះមហន្តរាយធម្មជាតិដើម្បីគាំទ្រដល់ខេត្តចំនួន ៦ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពីព្យុះទីហ្វុង។
ថវិកាទាំងនេះត្រូវបានបែងចែករួមគ្នាដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នឹងត្រូវបានប្រើប្រាស់សម្រាប់ការងារឆ្លើយតបបន្ទាន់ និងជួយសង្គ្រោះនៅក្នុងខេត្តក្វាងទុង ខេត្តហ្វូជាន ខេត្តជាំងស៊ី ខេត្តហ៊ូណាន ខេត្តឡៅនីង និងខេត្តជីលីន។
ថវិកាទាំងនេះបានផ្ដល់ឱ្យ ខណៈពេលដែលព្យុះទីហ្វុងជាច្រើនបានវាយប្រហារប្រទេសចិននាពេលថ្មីៗនេះ និងបានប៉ះពាល់ដល់តំបន់ដីគោកដ៏ធំល្វឹងល្វើយ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងត្បូង ភាគខាងកើតនិងភាគឦសាននៃប្រទេស និងបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងគ្រោះមហន្តរាយភូមិសាស្ត្រ។
យោងតាមក្រសួងបានឱ្យដឹងថា ថវិកាទាំងនេះភាគច្រើននឹងត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ការផ្លាស់ទីលំនៅនិងការតាំងទីលំនៅថ្មីរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ការឆ្លើយតបបន្ទាន់ដូចជាការត្រួតពិនិត្យ និងការលុបបំបាត់គ្រោះថ្នាក់ណាមួយដែលអាចបង្កឱ្យមានគ្រោះមហន្តរាយបន្ទាប់បន្សំ និងការជួសជុលផ្ទះដែលខូចខាត ឬដួលរលំ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





