ឯកឧត្តម កែ គឹមយ៉ាន ណែនាំឱ្យមន្ត្រីបក្សអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព និងអធិបតេយ្យភាពជាតិ
AKPបន្ទាយមានជ័យថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៦–
ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានសម្ដែងនូវការអរគុណដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែផ្តល់ជំនឿទុកចិត្ត និងការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាល។

ការថ្លែងនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ និងយុវជនគណបក្ស ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា វិស័យឯកជន វិស័យសាសនា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ក្រុមការងារ និងសមាជិកបក្សស្រុកព្រះនេត្រព្រះ ដែលបានរួមសាមគ្គីគ្នាប្រកបដោយស្មារតីជាតិនិយមខ្ពស់ ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។ ឯកឧត្តមបានគូសបញ្ជាក់ជាពិសេសអំពីស្មារតីរួមដៃគ្នាដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ និងការរួមគ្នាតតាំងប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានថៃ នាពេលកន្លងមក។

ទាក់ទិននឹងសភាពការណ៍ទូទៅរបស់ប្រទេសជាតិ ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវមាគ៌ានយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា គឺនៅតែបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ៤,២% នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ ព្រមទាំងសម្រេចបាននូវសមិទ្ធផល និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ជាទិសដៅចម្បងសម្រាប់មន្ត្រីមូលដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាប្តេជ្ញា ការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងរាជរដ្ឋាភិបាលកម្ពុជា បន្តរុញច្រាន និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕
ដោយ៖ ឈុន សារ៉ាត





