លោក ឡាវរ៉ូវ ទៅដល់ប្រទេសហ្វីលីពីន ដើម្បីចូលរួមព្រឹត្តិការណ៍អាស៊ានដ៏សំខាន់
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ -- អ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានស្ពុតនីក បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ែរហ្គេយ ឡាវរ៉ូវ បានទៅដល់សម្រាប់ដំណើរទស្សនកិច្ចមួយនៅប្រទេសហ្វីលីពីន ជាកន្លែងដែលលោកនឹងចូលរួមក្នុងព្រឹត្តិការណ៍នានាក្រោមការរៀបចំឡើងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោក ឡាវរ៉ូវ នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូសន្ទនារបស់ខ្លួន ធ្វើការពិគ្រោះយោបល់ក្នុងទម្រង់រុស្ស៊ី-អាស៊ាន និងចូលរួមក្នុងការងារនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ស្តីពីសន្តិសុខ។
លោក ឡាវរ៉ូវ ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំមួយចំនួននៅខាងក្រៅព្រឹត្តិការណ៍អាស៊ាន។ នៅពេលមុននេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ ដែលនឹងទៅដល់ប្រទេសហ្វីលីពីនផងដែរនោះ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយរដ្ឋមន្ត្រីរុស្ស៊ី។ នៅឆ្នាំ២០២៥ កិច្ចប្រជុំផ្ទាល់ខ្លួនមួយរវាងលោក ឡាវរ៉ូវ និងលោក រូប៊ីអូ បានធ្វើឡើងនៅខាងក្រៅព្រឹត្តិការណ៍អាស៊ាននៅប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាវេទិកាសម្រាប់កិច្ចសន្ទនារវាងមេដឹកនាំនៃបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ស្តីពីបញ្ហានយោបាយ និងសេដ្ឋកិច្ចជាយុទ្ធសាស្ត្រជាច្រើន រួមទាំងភារកិច្ចទាក់ទងនឹងការពង្រឹងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកក្រោយនឹងធ្វើឡើងនៅខែវិច្ឆិកា នៅក្នុងប្រទេសហ្វីលីពីន។
កិច្ចប្រជុំក្នុងទម្រង់នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ រួមជាមួយនឹងព្រឹត្តិការណ៍អាស៊ានកម្រិតខ្ពស់។ ចាប់តាំងពីឆ្នាំ២០១១ មក មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកាមេដឹកនាំអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





