រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ
AKP សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្តុះ បណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង សកលលោក។
ក្នុងឱកាសចូលរួមប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលាយ ជាមួយជំនាញពិតប្រាកដ, សីលធម៌ និង វិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ, ទីផ្សារការងារ និង កិច្ចការពារជាតិមាតុភូមិ ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព, ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងកម្មវីធី កែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





