សាលាបឋមសិក្សាកន្ទ្រាំង គ្រោងនឹងប្រែក្លាយទៅជាវិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំង នាពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--សាលាបឋមសិក្សាកន្ទ្រាំង ដែលមានទីតាំងក្នុងភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលមានអគារសិក្សា ១ខ្នង ៤បន្ទប់ និងមានទីធ្លាតូចចង្អៀត ព្រមទាំងលិចទឹកនៅក្នុងរដូវវស្សាផងនោះ គ្រោងនឹងប្រែក្លាយទៅជាវិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំង វិញនាពេលខាងមុខ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមេលា និងជាប្រធានក្រុមការងារចុះជួយឃុំកន្ទ្រាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំង ដែលត្រូវសាងសង់វិទ្យាល័យនេះ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះសាលាបឋមសិក្សាកន្ទ្រាំង មានសភាពតូចអង្អៀត ដោយមានអគារសិក្សាតែ ១ខ្នង ៤បន្ទប់ប៉ុណ្ណោះ ហើយជាពិសេស នៅក្នុងរដូវភ្លៀង គឺលិចទឹកថែមទៀតផង ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ដំណើរការនៃការសិក្សារបស់សិស្សានុសិស្ស។ ដោយមើលឃើញពីការលំបាកនេះ ក្រុមការងារចុះជួយមូលដ្ឋាន ជាពិសេសក្រុមការងារចុះជួយឃុំកន្ទ្រាំង បានពិភាក្សាគ្នាចង់ប្រែក្លាយសាលាបឋមសិក្សាកន្ទ្រាំងទៅជាវិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំង នាពេលខាងមុខវិញ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស ខណៈនៅឃុំកន្ទ្រាំងនេះក៏ពុំទាន់មានវិទ្យាល័យនៅឡើយដែរ។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារបានទិញដីពីបងប្អូនប្រជាពលរដ្ឋ ដើម្បីពង្រីកទីធ្លាសាលាឱ្យបានធំទូលាយ និងបានធ្វើរបងព័ទ្ធជុំវិញរួចហើយ ដែលទីនេះស័ក្តិ សមនឹងប្រែក្លាយទៅជាវិទ្យាល័យបំផុត។

សូមជម្រាបជូនថា នៅថ្ងៃដដែលនេះ មុននឹងអញ្ជើញចុះពិនិត្យមើលទីតាំងដែលត្រូវសាងសង់វិទ្យាល័យ សម្តេចពិជ័យសនា ទៀ បាញ់ កន្ទ្រាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានដឹកនាំក្រុមការងារទៅពិនិត្យមើលដំបូលអគារសិក្សាចាស់ ១ខ្នង នៃអនុវិទ្យាល័យ និងបឋមសិក្សាស្រិត ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលមានសភាពចាស់ទ្រុឌទ្រោម ធ្លុះធ្លាយ បង្កផលលំបាកដល់ការសិក្សារបស់សិស្សនារដូវវស្សា ដោយត្រូវបានប្រក់ជាថ្មីឡើងវិញក្រោមការឧបត្ថម្ភពីឯកឧត្តម និងក្រុមការងារ ដោយក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានសម្តែងនូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ និងបឋមសិក្សាស្រិត ដែលបានខិតខំប្រឹងប្រែងក្នុងការបង្រៀនសិស្សជារៀងរហូតមក ព្រមទាំងបានជម្រុញសិស្សានុសិស្សឱ្យយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះវិជ្ជានៅថ្នាក់មូលដ្ឋាន ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យទទួលបានជោគជ័យទុកជាប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់ប្រទេសជាតិ ដោយឯកឧត្តមបានគូសបញ្ជាក់ថា មានតែការសិក្សាទេដែលនាំឱ្យយើងមានអនាគតភ្លឺថ្លាបាន។

តមកនៅថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារក៏បានអញ្ជើញទៅពិនិត្យមើលផ្ទះថ្ម ១ខ្នង ទំហំ ៦,៥ម៉ែត្រ គុណ ១២ម៉ែត្រ ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលបានសាងសង់ជូនវីរយុទ្ធជនពលបាលឯក លន់ សុផា នៅកងពលតូចលេខ១២៨ ដែលបានរងរបួសនៅក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពថៃឈ្លានពានកាលពីឆ្នាំ២០២៥ កន្លងទៅ៕

ដោយ៖ ចាន់ សុភឿន





