ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនក្នុងឱកាសសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក
AKP សៀងហៃ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនក្នុងឱកាសសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ដែលបាន និងកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំផ្លូវការ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញទស្សនាពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅសាលពិព័រណ៍សកលនៃក្រុងសៀងហៃ អមដោយថ្នាក់ដឹកនាំអង្គភាពជំនាញនិងអ្នកជំនាញបច្ចេកទេស ដើម្បីឈ្វេងយល់ដោយផ្ទាល់អំពីការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងនិន្នាការថ្មីៗក្នុងទីផ្សារ។ ឯកឧត្ដម និងគណៈប្រតិភូបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ និងពិភាក្សាការងារជាមួយក្រុមហ៊ុន Huawei, ZTE, China Telecom និង Alibaba។

ក្នុងឱកាសនោះ ក្រុមហ៊ុននានាបានបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយលើផ្នែកបញ្ញាសិប្បនិម្មិតនិងផ្នែកពាក់ព័ន្ធរួមមាន៖ ម៉ាស៊ីនគណនា និងសេវូបករណ៍ឯកទេសសម្រាប់បញ្ញាសិប្បនិម្មិត ប្រព័ន្ធប្រតិបត្តិការ ថ្នាលបច្ចេកវិទ្យាពពក និងថ្នាលអភិវឌ្ឍនិងដំណើរការប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពថ្មីៗ និងល្បឿនលឿនជាងមុន ដើម្បីសម្របទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់យុគសម័យបញ្ញាសិប្បនិម្មិត។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងអស់សហការគ្នាកាន់តែជិតស្និទ្ធដើម្បីពន្លឿនកិច្ចសហការ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





