ក្រុមហ៊ុនអាកាសចរណ៍ Air China បើកដំណើរការជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងប៊ីស្គេក
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ -- ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air China រវាងរដ្ឋធានីនៃប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានចាប់ផ្តើមជាផ្លូវការ បន្ទាប់ពីជើងហោះហើរ CA893 ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិManas ក្នុងទីក្រុងប៊ីស្គេក។
លោក លីវ ជាំងពីង (Liu Jiangping) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកៀហ្ស៊ីស៊ីស្ថាន បានថ្លែងនៅក្នុងពិធីសម្ភោធជើងហោះហើរថ្មីនេះថា ការបើកជើងហោះហើរថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ។ លោក លីវ បានបន្ថែមថា វានឹងពង្រីកបន្ថែមទៀតនូវការតភ្ជាប់ផ្លូវអាកាសរវាងរដ្ឋធានីទាំងពីរ សម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនយ៉ាងសំខាន់ និងបង្កើតមធ្យោបាយដ៏មានប្រសិទ្ធភាព និងងាយស្រួលសម្រាប់ការធ្វើឱ្យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងមនុស្សធម៌កាន់តែស៊ីជម្រៅរវាងប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ជើងហោះហើរនេះនឹងក្លាយជាឧទាហរណ៍ដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវរវាងប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោក ហ្សាលីន ប្រីមគូឡូវ (Zhalyn Brimkulov) នាយកប្រតិបត្តិការនិងផលិតកម្មនៅអាកាសយានដ្ឋាននៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បាននិយាយថា ជើងហោះហើរថ្មីនេះនឹងជួយអ្នកដំណើរឱ្យធ្វើដំណើរបានលឿន និងងាយស្រួលជាងមុន ហើយការចាប់ផ្ដើមបានបង្ហាញពីចំណងសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាពរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសចិន។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ Air China បានឱ្យដឹងថា ជើងហោះហើរទៀងទាត់ទាំងពីរនៃសេវាកម្មផ្លូវអាកាសថ្មីនេះដំណើរការបីដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ជើងហោះហើរCA893 ចេញដំណើរពីទីក្រុងប៉េកាំង ហើយធ្វើដំណើរទៅកាន់ទីក្រុងប៊ីស្គេក ជាមួយនឹងរយៈពេលហោះហើរ ៥ម៉ោង ៤០នាទី ដោយជើងហោះហើរCA894 ចេញដំណើរពីទីក្រុងប៊ីស្គេក ហើយធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ជាមួយនឹងរយៈពេលហោះហើរ ៤ម៉ោង ៥០ នាទី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





