អភិបាលខេត្តបន្ទាយមានជ័យ៖ គ្មានការយោគយល់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជាឱ្យក្តាប់មុខសញ្ញាស្នាក់នៅបណ្តោះអាសន្នឱ្យបាន១០០%
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវបន្តអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការបណ្តែតបណ្តោយ ឬយោគយល់ដល់អំពើល្មើសច្បាប់ណាមួយឡើយ។

កិច្ចប្រជុំដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរដ្ឋបាលស្រុកភ្នំស្រុកនេះ ឯកឧត្តមអភិបាលខេត្តបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្ការ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានឡើង។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើ និងណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋាន នគរបាលរដ្ឋបាល និងប្រជាការពារ ត្រូវចុះអប់រំផ្សព្វផ្សាយឱ្យបានស៊ីជម្រៅដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ពីវិធានការក្តៅក្នុងការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ដោយតម្រូវឱ្យសមត្ថកិច្ចគ្រប់គ្រងមុខសញ្ញា និងស្ថិតិ ត្រូវក្តាប់ឱ្យបានហ្មត់ចត់បំផុតនូវស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នតាមផ្ទះសំណាក់ និងបន្ទប់ជួលនានាក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក។ អនុវត្តច្បាប់គ្មានការលើកលែង មិនត្រូវមានការយោគយល់ ឬបណ្តែតបណ្តោយឱ្យមានសកម្មភាពល្មើសច្បាប់កើតឡើងក្នុងដែនសមត្ថកិច្ចខ្លួនឡើយ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានអំពាវនាវយ៉ាងទទូចដល់ម្ចាស់ផ្ទះសំណាក់ និងបន្ទប់ជួលទាំងអស់ ត្រូវចូលរួមសហការជិតស្និទ្ធជាមួយសមត្ថកិច្ច ដោយត្រូវរាយការណ៍ និងផ្តល់ព័ត៌មានជូនអាជ្ញាធរភ្លាមៗ ប្រសិនបើពិនិត្យឃើញ ឬមានការសង្ស័យលើសកម្មភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងទីតាំងរបស់ខ្លួន ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ៕

ដោយ ឈុន សារ៉ាត





