សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកវិនិយោគអាម៉េរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាម៉េរិកថា នៅពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិកកំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាម៉េរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Brian D. McFeeters លបានដឹកនាំនូវអ្នកវិនិយោគរបស់អាម៉េរិកមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់អាម៉េរិកនៅក្នុងប្រទេសកម្ពុជា។

លោក Brian D. McFeeters បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោកនិងធុរជនទាំងឡាយបានជួបសម្ដែងការគួរសមនាឱកាសនេះ។ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោកក៏បានលើកឡើងបន្តថា នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក កំពុងតែដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបានបន្តទៀតថា ធុរជនអាម៉េរិកក៏ដូចជាដៃគូរបស់អាម៉េរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោនៅក្នុងនេះ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។

សម្តេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Brian D. McFeeters នូវទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោគាំទ្រចំពោះអ្នកវិនិយោគអាម៉េរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះឯង។ សម្ដេចតេជោសង្ឃឹមថា វិនិយោគិនអាម៉េរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយសម្ដេចកត់សម្គាល់ថា អ្នកវិនិយោគរបស់អាម៉េរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើ ផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង៕

ដោយ៖ ជឹម ណារី





