ក្រសួងអប់រំកំពុងអនុវត្តគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ឱ្យបានល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ — ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលផ្តោតលើ ១.ពង្រីកការទទួលបានការសិក្សាមធ្យមសិក្សាទុតិយភូមិប្រកបដោយសមធម៌ និងស្តង់ដា ២.ពង្រឹងការរៀន និងការបង្រៀនវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាប្រកបដោយគុណភាព និង ៣.ពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់សាលារៀន និងស្ថាប័ន ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពប្រកបដោយប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តគម្រោង/កម្មវិធី ក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់វិញ្ញាបនបត្រសរសើរដល់គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEPUP) ដែលជាគម្រោងតែមួយគត់ដែលរក្សាដំណើរការអនុវត្តគម្រោងបានល្អប្រសើរតាំងពីការចាប់ផ្តើម ក្នុងចំណោមគម្រោងទាំងអស់ចំនួន២៧ ដែលកំពុងអនុវត្តដោយក្រសួង ស្ថាប័ននៅកម្ពុជា។


ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគម្រោងក៏បានផ្តល់នូវចំណុចគន្លឹះចំនួន៩ ផងដែរ ដែលរួមមាន ១.ការរៀបចំគម្រោងមានសង្គតិភាពជាមួយអាទិភាពកំណែទម្រង់អប់រំ ២.ការគ្រប់គ្រង និងមន្ត្រីអនុវត្តគម្រោង៖ ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងឱ្យសម្រេចបានតាម DMF មន្រ្តីគម្រោងមានសមត្ថភាព និងបទពិសោធន៍ ៣.យន្តការសម្របសម្រួលប្រទាក់ក្រឡាគ្នាទាំងក្នុងគម្រោង និងអង្គភាពពាក់ព័ន្ធ រួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ ADB ៤.ប្រព័ន្ធគាំទ្រទាំង៣ របស់គម្រោងដ៏រឹងមាំ៖ ផ្នែករដ្ឋបាល ផ្នែកលទ្ធកម្ម ផ្នែកហិរញ្ញវត្ថុ ដោយប្រកាន់ខ្ជាប់នូវសៀវភៅណែនាំប្រតិបត្តិការផ្លូវការ ៥.ការគ្រប់គ្រងការងារលទ្ធកម្ម៖ តាមផែនការ និងតាមនីតិវិធី ៦.ការត្រួតពិនិត្យការអនុវត្តជាប្រចាំ៖ ក្របខណ្ឌពិនិត្យតាមដានគម្រោង ឱ្យនៅលើគន្លងត្រូវ ដោយមានរបបប្រជុំទៀងទាត់ រួមទាំងបេសកកម្មគាំទ្រការអនុវត្តគម្រោងពីធនាគារ ADB និងសកម្មភាពដែលបានឯកភាពគ្នា ៧.និរន្តរភាព៖ ផលជះនៃគម្រោង និងការពង្រឹងស្ថាប័ន ៨.ស្មារតីក្រុម ការស្វែងយល់ពីគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក ការចែករំលែកបទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពមន្ត្រី និង ៩.ភាពជាអ្នកដឹកនាំល្អ ទាំងក្នុងក្រសួង និងអង្គភាពអនុវត្តគម្រោង មានបទពិសោធន៍ ទទួលបានការគោរព និងស្នាដៃ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





