មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យជំរុញការដាំដុះដើមឈើព្រៃលិចទឹក ក្នុងតំបន់អភិរក្ស ដើម្បីទ្រទ្រង់ជម្រកត្រីពងកូន
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- ដើម្បីពង្រឹងការអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព និងធានាបាននូវសន្តិសុខស្បៀងអាហារសម្រាប់ពលរដ្ឋក្នុងសហគមន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការដាំដើមឈើព្រៃលិចទឹកឡើងវិញ នៅក្នុងតំបន់អភិរក្សជលផលដ៏មានសក្តានុពលមួយ។
ពិធីដាំកូនឈើនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់ដោយលោកស្រី អន ស៊ីថា ប្រធានស្ដីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន៦០នាក់។

នៅក្នុងយុទ្ធនាការបណ្តុះស្មារតីស្រឡាញ់បរិស្ថាននេះ កូនឈើព្រៃលិចទឹកដែលជាប្រភេទឈើផ្តល់ជម្រក និងចំណីយ៉ាងសំខាន់ដល់ពពួកមច្ឆាជាតិចំនួន៦០០ដើម ត្រូវបានដាំដុះជាផ្លូវការ រួមមានដើមរាំងទឹក១០០ដើម ដើមត្រស់២០០ដើម ដើមខ្នាយមាន់ ២០០ដើម និងដើមក្ទម្ព ១០០ដើម។
បន្ទាប់ពីបានដាំដើមឈើរួច លោកស្រីប្រធានស្តីទីក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងពីវិសាលភាព និងសក្តានុពលនៃកន្លែងអភិរក្សជលផលស្ទឹងកំបុត ដែលបច្ចុប្បន្នមានផ្ទៃដីស្នូលចំនួន ៧៨ ហិកតា និងមានព្រៃលិចទឹកព័ទ្ធជុំវិញរហូតដល់ទៅ ១៩៧ ហិកតាដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ជារបាំងការពារ និងជាកន្លែងត្រីពងកូន។

«ព្រៃលិចទឹក គឺជាប្រភពជីវិតនៃធនធានជលផល។ បើគ្មានព្រៃលិចទឹក ក៏គ្មានជម្រកសុវត្ថិភាពសម្រាប់ត្រីពងកូន និងលូតលាស់នោះដែរ» នេះជាការគូសបញ្ជាក់ពីរដ្ឋបាលជលផល។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី អន ស៊ីថា បានថ្លែងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នាថែរក្សានិងអភិរក្សព្រៃលិចទឹកដែលនៅសេសសល់ ត្រូវគោរពច្បាប់ស្តីពីជលផលឱ្យបានខ្ជាប់ខ្ជួន និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដោយប្តូរមកប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ស្របតាមបទប្បញ្ញត្តិជាធរមានវិញ ដើម្បីធានាថាធនធានជលផលដ៏សម្បូរបែបនេះ នឹងត្រូវបន្សល់ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗទៀត។


ជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង និងការចូលរួមការពារបរិស្ថាន ក្រោយបញ្ចប់សកម្មភាពដាំកូនឈើ លោកស្រីប្រធានស្តីទី ក៏បានចែកសម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមថែរក្សាធនធានធម្មជាតិនាពេលអនាគតផងដែរ៕
ដោយ ឈុន សារ៉ាត





