ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃប្រទេសចិន។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)។ លោកប្រធានក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ដោយមើលឃើញអំពីសក្តានុពល និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើននៅកម្ពុជា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ, ផ្អែកលើសក្តានុពលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឡូជីស្ទិកនៅកម្ពុជា, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានកសាងព្រែកជីកហ្វូណនតេជោ។ លោកប្រធានបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ មានសក្តានុពលដ៏ធំធេងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យឡូជីស្ទិក និងការដឹកជញ្ជូនតាមនាវាចរណ៍។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យឡូជីស្ទិកជាវិស័យដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើង ក្នុងទិសដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមជាប្រវត្តិសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវទឹកក្នុងស្រុកទៅកាន់តំបន់ឆ្នេរសមុទ្រ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាមិនត្រឹមតែកសាងព្រែកជីកជារូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកសាងនូវច្រករបៀងសេដ្ឋកិច្ចដ៏ឆ្លាតវៃ និងទំនើប ផងដែរ។
ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាការងារឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

ដោយ៖ គង់ សិរីរ័ត្ន





