អ៊ីរ៉ង់និយាយថា ខ្លួនវាយប្រហារមូលដ្ឋានយោធាអាម៉េរិកនៅបារ៉ែន និងប្រព័ន្ធរ៉ាដានៅអូម៉ង់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -- កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC) កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានយោធាអាម៉េរិកនៅបារ៉ែន និងប្រព័ន្ធរ៉ាដានៅក្នុងប្រទេសអូម៉ង់។នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB។
ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក IRIB បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអាម៉េរិកនៅទីក្រុងJuffair របស់ប្រទេសបារ៉ែន ក៏ដូចជាប្រព័ន្ធរ៉ាដាឃ្លាំមើលផ្លូវអាកាស និងឃ្លាំមើលផ្លូវសមុទ្ររយៈចម្ងាយឆ្ងាយនៅអូម៉ង់។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់អ៊ីរ៉ង់ ក្រសួងមហាផ្ទៃបារ៉ែនបាននិយាយថា ស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងម្តងទៀតនៅទូទាំងប្រទេស ហើយបានជំរុញឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងបន្តទៅកាន់កន្លែងសុវត្ថិភាពដែលនៅជិតបំផុត។
កងឆ្មាំ IRGC បាននិយាយថា មធ្យោបាយតែមួយគត់ដើម្បីបើកច្រកសមុទ្រហ័រមុសឡើងវិញសម្រាប់ចរាចរណ៍ផ្លូវសមុទ្រ គឺសហរដ្ឋអាមេរិកត្រូវបញ្ចប់ការជ្រៀតជ្រែកផ្នែកយោធារបស់ខ្លួននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ និងគោរពអធិបតេយ្យភាពរបស់បណ្តារដ្ឋឆ្នេរសមុទ្រ។
កងឆ្មាំនេះក៏បានព្រមានផងដែរថា សកម្មភាពយោធាអាម៉េរិកបន្តនៅក្នុងច្រកសមុទ្រហ័រមុសនឹងនាំឱ្យមានឧប្បត្តិហេតុកាន់តែធំ ដែលប៉ះពាល់ដល់វិស័យប្រេង និងឧស្ម័នសកលលោក។
ការអះអាងចុងក្រោយបំផុតបានកើតឡើងចំពេលដែលមានការផ្លាស់ប្តូរយោធាកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមុស។
កាលពីថ្ងៃអាទិត្យ កងកម្លាំង IRGC បានប្រកាសបិទច្រកសមុទ្រហ័រមុសសម្រាប់ចរាចរណ៍ផ្លូវទឹករហូតដល់មានការជូនដំណឹងបន្ថែម។
កាលពីខែមុន អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថានដែលមានគោលបំណងបញ្ចប់ជម្លោះយោធារបស់ពួកគេ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។
ដោយសារតែការកើនឡើងថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អនុស្សរណៈនៃការយោគយល់គ្នាជាមួយអ៊ីរ៉ង់«ចប់ហើយ»៕





