អ៊ីរ៉ង់និយាយថា នឹងបន្តកិច្ចចរចាជាមួយអូម៉ង់ ស្តីពីការគ្រប់គ្រងនាវាចរណ៍នៅច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស់ អារ៉ាកឈី បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ និងអូម៉ង់នឹងបន្តកិច្ចពិគ្រោះយោបល់ផ្នែកនយោបាយ និងបច្ចេកទេស ស្តីពីការគ្រប់គ្រងច្រកសមុទ្រហ័រមុស និងចរាចរណ៍ផ្លូវទឹកតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។
នៅក្នុងការបង្ហោះមួយនៅលើបណ្តាញតេឡេក្រាម បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលខ្លីមួយទៅកាន់ទីក្រុងមូស្កាតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោក អារ៉ាកឈី បាននិយាយថា លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក បាដឺ អាល់ប៊ូសៃឌី រួមជាមួយគណៈប្រតិភូផ្នែកច្បាប់ និងបច្ចេកទេសមកពីប្រទេសទាំងពីរ។
លោកបាននិយាយថា កិច្ចពិភាក្សាបានផ្តោតទៅលើវិធីសម្របសម្រួលរវាងអ៊ីរ៉ង់ និងអូម៉ង់ ដែលរដ្ឋទាំងពីរមានព្រំប្រទល់ជាប់ច្រកសមុទ្រ ព្រមទាំងការគ្រប់គ្រងរបស់ខ្លួន និងចលនានាវាឆ្លងកាត់ច្រកនោះ។
លោក អារ៉ាកឈី បានបន្ថែមថា «កិច្ចពិគ្រោះយោបល់ទាំងនេះនឹងបន្តនៅកម្រិតនយោបាយ និងបច្ចេកទេស»។
យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ បានឱ្យដឹងថា លោក អារ៉ាកឈី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការពង្រឹងទំនាក់ទំនងជាមួយអូម៉ង់។
លោក អាល់ប៊ូសៃឌី បានបញ្ជាក់ជាថ្មីនូវជំហរគោលការណ៍របស់អូម៉ង់ក្នុងការពេញចិត្តនឹងការប្រើប្រាស់ការទូត ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ និងបានសម្តែងក្តីសង្ឃឹមថា «ការអនុវត្តពេញលេញ» នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌកាលពីខែមុនរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងរួមចំណែកដល់ការកែលម្អសន្តិសុខក្នុងតំបន់។
ក្រសួងការបរទេសអូម៉ង់បាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍រវាងលោក អាល់ប៊ូសៃឌី និងលោក អារ៉ាកឈី បានផ្តោតទៅលើការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមុស និងធានាសុវត្ថិភាព និងសេរីភាពរបស់ខ្លួន ដោយពិចារណាទៅលើកាលៈទេសៈ និងផលវិបាកដែលបណ្តាលមកពីការវិវត្តថ្មីៗ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរបានព្រមព្រៀងបន្តកិច្ចពិភាក្សាទាំងនេះទាំងកម្រិតបច្ចេកទេស និងនយោបាយ ដើម្បីឈានដល់ការយោគយល់គ្នាដែលតម្រូវស្របតាមច្បាប់អន្តរជាតិ។
ភាពតានតឹងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមុស។
អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានយោធាអាម៉េរិកនៅក្នុងប្រទេសក្នុងតំបន់ ខណៈដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានរំលោភលើអនុស្សរណៈយោគយល់គ្នារបស់ពួកគេម្តងហើយម្តងទៀតនៅថ្ងៃទី១៧ ខែមិថុនា។ ក្រោយមក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អនុស្សរណៈនេះបានចប់ហើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





