ឯកឧត្ដម កែ គឹមយ៉ាន ជំរុញឱ្យមន្ត្រីបក្ស និងអាជ្ញាធរស្រុកស្វាយចេក រួមគ្នារក្សាសាមគ្គីភាព និងការពារដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដាស់តឿន និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជាធ្លុងមួយក្នុងការការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។


ក្នុងពិធីដ៏មានអត្ថន័យនោះ ឯកឧត្ដម កែ គឹមយ៉ាន បានពាំនាំនូវសេចក្តីនឹករលឹក និងបានសម្ដែងនូវសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលជានិច្ចកាលតែងតែផ្តល់ជំនឿជាក់យ៉ាងមុតមាំ និងការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាល ដែលធ្វើឱ្យបក្សមានឱកាសពេញលេញក្នុងការបម្រើជាតិ និងប្រជាជន។

ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធានក្រុមការងារក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស វិស័យឯកជន វិស័យសាសនា ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ក្រុមការងារ និងសមាជិក សមាជិកាគណបក្សស្រុកស្វាយចេក។
«ស្មារតីស្នេហាជាតិ និងការរួមសាមគ្គីគ្នាយ៉ាងរឹងមាំ គឺជាកម្លាំងញ៉ាំងឱ្យយើងឆ្លងកាត់រាល់ឧបសគ្គធំៗបានជោគជ័យ ជាពិសេសសកម្មភាពជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ និងការរួមគ្នាប្រយុទ្ធតតាំងប្រកបដោយវីរភាពការពារទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃនាពេលកន្លងមក»។ នេះជាការគូសបញ្ជាក់បន្ថែមដោយក្តីមោទនៈពីឯកឧត្តម កែ គឹមយ៉ាន។

លើសពីនេះទៅទៀត ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងពីសមិទ្ធផលសេដ្ឋកិច្ចដ៏លេចធ្លោ ដោយបានបង្ហាញថា កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល ទស្សនៈវិស័យច្បាស់លាស់ និងភាពរស់រវើករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបន្តអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគទេសក៍ដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា គឺនៅតែរក្សាបាននូវស្ថិរភាព និងកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រសើរ ពោលគឺសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៤,២% នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។

ដើម្បីបន្តរក្សានូវសមិទ្ធផលទាំងនេះ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព ឯកឧត្តម កែ គឹមយ៉ាន បានដាក់ចេញនូវទិសដៅការងារ និងណែនាំដល់សមាជិក សមាជិកា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើកិច្ចការស្នូល ត្រូវការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ទោះក្នុងតម្លៃណាក៏ដោយ។ ត្រូវរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រ និងអធិបតេយ្យភាពជាតិ ឱ្យបានគង់វង្ស។ ត្រូវគាំទ្រ និងការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា។ ត្រូវបន្តជំរុញ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ត្រូវបន្តចុះជួយដោះស្រាយរាល់កង្វល់ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងសស្រាក់សស្រាំបំផុត៕
ដោយ ឈុន សារ៉ាត





