អភិបាលរងខេត្តបន្ទាយមានជ័យ ដាស់តឿនយុវជន ស.ស.យ.ក ស្រុកមង្គលបូរី ឱ្យរួមគ្នាធ្វើជាខែលការពារសហគមន៍ពីគ្រោះថ្នាក់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- យុវជនគឺជាកម្លាំងចលករដ៏មានថាមពល និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ប៉ុន្តែថាមពលទាំងនេះអាចនឹងត្រូវបំផ្លាញ ប្រសិនបើយុវជនធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀន និងការមិនគោរពច្បាប់ចរាចរណ៍។ នេះជាការលើកឡើងដ៏មានអត្ថន័យជ្រាលជ្រៅរបស់ លោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពតំណាងឱ្យលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត ក្នុងពិធីផ្សព្វផ្សាយស្តីពី «ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក» ជូនដល់សមាជិក សមាជិកា ស.ស.យ.ក. ស្រុកមង្គលបូរី នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលរៀបចំឡើងនៅក្នុងបរិវេណវត្តវេឡុវនារាម ហៅវត្តឫស្សីក្រោក។


ក្នុងពិធីដ៏មានសារៈសំខាន់នោះ លោក យឹម សំណាង បានផ្តល់នូវអនុសាសន៍ និងប្រសាសន៍ផ្តាំផ្ញើប្រកបដោយខ្លឹមសារស៊ីជម្រៅ ដោយលោកបានសង្កត់ធ្ងន់លើចំណុចគន្លឹះ ដោយបានអំពាវនាវដល់ប្អូនៗយុវជនទាំងអស់ ត្រូវដាច់ខាតនិយាយថា «ទេ» ចំពោះគ្រឿងញៀន។ គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតរបស់បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាថែមទាំងបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់គ្រួសារ និងបង្កអសន្តិសុខដល់សង្គមជាតិទាំងមូលផងដែរ។ យុវជន ស.ស.យ.ក ត្រូវតែធ្វើជាគំរូដ៏ល្អ ក្នុងការចូលរួមទប់ស្កាត់ និងរាយការណ៍ពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន។
ទាក់ទិននឹងបញ្ហាចរាចរណ៍ លោកអភិបាលរងខេត្តបានរំលឹកថា គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃ។ ដូច្នេះ ការបើកបរត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់មួកសុវត្ថិភាពជានិច្ច និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។


ជាមួយគ្នានោះ លោក យឹម សំណាង ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់របស់ លោក អ៊ូ សុភាពប្រធាន ស.ស.យ.ក. ស្រុកមង្គលបូរី ដែលបានដឹកនាំលេខាធិការដ្ឋាន អនុប្រធាន និងសមាជិក សមាជិកា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ និងកងកម្លាំងទាំងបី (កងរាជអាវុធហត្ថ នគរបាល និងយោធា) រហូតបង្កើតឱ្យមានយុទ្ធនាការផ្សព្វផ្សាយដ៏មានតម្លៃនេះឡើង។
បន្ថែមពីនោះលោកអភិបាលរងខេត្តបានជំរុញឱ្យសមាជិក សមាជិកា ស.ស.យ.ក. ស្រុកមង្គលបូរីទាំងអស់ ក្រោយពីទទួលបានចំណេះដឹងពីពិធីផ្សព្វផ្សាយនេះហើយ ត្រូវនាំគ្នាធ្វើជា «ទូតសុច្ឆន្ទៈ» ក្នុងការបន្តចែករំលែក និងផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងសហគមន៍បន្ថែមទៀត ដើម្បីរួមគ្នាកសាងសង្គមមួយដែលមានសុវត្ថិភាព គ្មានគ្រឿងញៀន និងគ្មានគ្រោះថ្នាក់ចរាចរណ៍៕
ដោយ ឈុន សារ៉ាត





