ឡាវក្លាយជាដៃគូសន្ទនារបស់អង្គការសហប្រតិបត្តិការសៀងហៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសឡាវ ដោយផ្តល់ឋានៈជាដៃគូសន្ទនាជាផ្លូវការដល់ប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងប៉េកាំងដោយលោក ន័រលេន យើមេកបាយ៉េវ អគ្គលេខាធិការអង្គការ SCO និងលោកថុងសាវ៉ាន់ ភូមិវិហាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។ វាផ្តល់នូវក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានារួមមានវិស័យសន្តិសុខ និងស្ថិរភាព សេដ្ឋកិច្ច ច្បាប់ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ នវានុវត្តន៍ និងវិស័យផ្សេងៗទៀតដែលបានព្រមព្រៀងគ្នាទៅវិញទៅមក។
ក្រោមបទប្បញ្ញត្តិរបស់អង្គការ SCO ដៃគូសន្ទនាអាចចូលរួមក្នុងកិច្ចប្រជុំតាមប្រធានបទ សន្និសីទរដ្ឋមន្ត្រី និងវេទិកាអ្នកជំនាញ ដែលរៀបចំដោយអង្គការនេះក្នុងវិស័យដែលគ្របដណ្តប់ដោយអនុស្សរណៈនៃការយោគយល់គ្នា។
ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខា លោក ថុងសាវ៉ាន់ បានសន្យាថាប្រទេសឡាវនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអង្គការ SCO យ៉ាងសកម្ម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ភស្តុភារ ដឹកជញ្ជូន និងទេសចរណ៍។ លោកបានពិពណ៌នាអំពីអង្គការ SCO ថា ជាវេទិកាសហប្រតិបត្តិការអន្តររដ្ឋាភិបាលក្នុងតំបន់ដ៏សំខាន់មួយ ដែលគោលការណ៍របស់វាស្របនឹងគោលនយោបាយការបរទេសរបស់ប្រទេសឡាវ។ ក្នុងនាមជាសមាជិកអាស៊ាន ប្រទេសឡាវបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងការសម្របសម្រួលបន្ថែមទៀតជាមួយអង្គការ SCO។
ពីមុន នៅក្នុងកិច្ចប្រជុំកំពូលអង្គការ SCO លើកទី២៥ ដែលបានធ្វើឡើងនៅទីក្រុងធានជីនរបស់ប្រទេសចិន កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥បណ្តាមេដឹកនាំនៃរដ្ឋជាសមាជិកអង្គការ SCO បានព្រមព្រៀងផ្តល់ឋានៈនេះដល់ប្រទេសឡាវ។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ អង្គការ SCO បច្ចុប្បន្នមានរដ្ឋជាសមាជិកពេញលេញចំនួន១០ គឺរួមមានប្រទេសបេឡារុស្ស ចិន ឥណ្ឌាអ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និងអ៊ូសបេគីស្ថាន រួមជាមួយនឹងដៃគូសន្ទនាជាច្រើន៕





