នាយករដ្ឋមន្ត្រីកូរ៉េខាងជើង និងចិន ពិភាក្សាគ្នាអំពីការពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក ផាក ថេសុង (Pak Thae-song) បានជួបជាមួយសមភាគីចិនរបស់លោកនៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីវិធីពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក ផាក បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ក្នុងឱកាសនៃព្រឹត្តិការណ៍មួយដើម្បីរំលឹកខួបលើកទី៦៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំងពីរកាលពីថ្ងៃមុន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្របតាមកិច្ចព្រមព្រៀងដែលសម្រេចបានដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)ក្នុងអំឡុងពេលកិច្ចពិភាក្សាកំពូលរបស់ពួកគេនៅទីក្រុងព្យុងយ៉ាងកាលពីខែមុន។
លោក ផាក បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងបាន «ឈានដល់កម្រិតកំពូលថ្មីមួយ» ខណៈពេលដែលសន្យាថានឹងពង្រឹងមិត្តភាព និងសាមគ្គីភាពរបស់ពួកគេ។
ជាការឆ្លើយតប លោក លី បានកត់សម្គាល់ថា នេះជាគោលនយោបាយ «រឹងមាំ» របស់រដ្ឋាភិបាលចិនក្នុងការការពារ និងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងព្យុងយ៉ាង ដោយលោកបានលើកឡើងអំពីទំនាក់ទំនងកូរ៉េខាងជើង-ចិន ថាជា «ប្រទេសជិតខាងដែលចែករំលែកវាសនា»។
គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយលោក ផាក បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ ដើម្បីចូលរួមព្រឹត្តិការណ៍ដែលប្រារព្ធខួបនេះ។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក ផាក បានចូលជួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតី ស៊ី និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រី លី និងមន្ត្រីជាន់ខ្ពស់ចិនផ្សេងទៀត។
សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១ដោយអតីតស្ថាបនិកកូរ៉េខាងជើង និងអតីតមេដឹកនាំ លោក គីម អ៊ីលស៊ុង(Kim Il-sung) និងនាយករដ្ឋមន្ត្រីចិន លោក ជូ អេនឡាយ (Zhou Enlai) ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





