ជនជាតិប៉ាឡេស្ទីន ៤នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើសិក្ខាសាលាមួយនៅទីក្រុងហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមប្រភពសន្តិសុខនិងវេជ្ជសាស្ត្រប៉ាឡេស្ទីន បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៤នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ម្នាក់រងរបួសកាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើសិក្ខាសាលាជាងដែកមួយនៅក្នុងទីក្រុងហ្គាហ្សា។
ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ៣គ្រាប់ទៅលើសិក្ខាសាលានៅក្នុងសង្កាត់សាប្រា ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា។
ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Xinhua ថា មនុស្ស ៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ និងយ៉ាងហោចណាស់មនុស្សម្នាក់រងរបួស។
សាក្សីបាននិយាយថា ការវាយប្រហារតាមអាកាសនេះបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ជុំវិញ ដោយសាក្សីបានបន្ថែមថា សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារដែលបានរាយការណ៍នោះទេ។
យោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងហ្គាហ្សា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារអរិភាពចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឡើងដល់ ៧៣.២២១នាក់ ដោយមានមនុស្សចំនួន ១៧៣.៦៤៣នាក់រងរបួស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





