ចិនប្រកាសអាសន្នពណ៌ទឹកក្រូចសម្រាប់ព្យុះទីហ្វុងបាវី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- មជ្ឈមណ្ឌលសង្កេតជាតិរបស់ប្រទេសចិនបានបន្តការព្រមានពណ៌ទឹកក្រូចសម្រាប់ព្យុះទីហ្វុងបាវីដែលជាព្យុះទីហ្វុងទី៩ នៃឆ្នាំ២០២៦ ត្រូវបានគេរំពឹងថានឹងនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងកើតប្រទេសចិន។
មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះបាវីត្រូវបានចាត់ទុកថាជាព្យុះទីហ្វុងខ្លាំងមួយ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១.០២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃព្រំដែនរវាងខេត្តហ្វូចៀននិងខេត្តហ្សេជាំង ភាគខាងកើតប្រទេសចិន ជាមួយនឹងខ្យល់បក់អតិបរមា៤២ម៉ែត្រក្នុងមួយវិនាទីនៅជិតចំណុចកណ្តាលរបស់វា។
ព្យុះបាវីត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរទៅទិសពាយ័ព្យក្នុងល្បឿនប្រមាណ ១៥-២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងបោកបក់តាមឆ្នេរសមុទ្រពីតំបន់សៀពូ ក្នុងខេត្តហ្វូចៀន ដល់តំបន់វេនលីង ក្នុងខេត្តហ្សេជាំង ដោយកម្លាំងនឹងចុះខ្សោយបន្ទាប់ពីបោកបក់រួច។
ខ្យល់បក់ត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ តំបន់ភាគច្រើននៃសមុទ្រចិនខាងកើត និងដែនទឹកនៅជិតកោះឌីអាវយូដាវ ក៏ដូចជាតាមបណ្តោយឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ ខេត្តហ្សេជាំង និងខេត្តហ្វូចៀន។
ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារភាគអាគ្នេយ៍នៃខេត្តហ្សេជាំង ភាគឦសាននៃខេត្តហ្វូចៀននិងកោះតៃវ៉ាន់ ដោយតំបន់មួយចំនួននៃប្រទេសតៃវ៉ាន់រំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២៥០-៨០០មីលីម៉ែត្រ។សាធារណជនត្រូវបានណែនាំឱ្យជៀសវាងតំបន់ភ្នំ និងជ្រលងទន្លេដែលងាយនឹងរងគ្រោះធម្មជាតិ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានលេខកូដពណ៌ចំនួន ៤កម្រិត ដោយពណ៌ក្រហមតំណាងឱ្យអាកាសធាតុធ្ងន់ធ្ងរបំផុតបន្ទាប់មកគឺពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





