ចិន និងណាមីប៊ី ប្រកាសកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) និងប្រធានាធិបតីណាមីប៊ី លោកស្រី ណេទុមបូ ណាន់ឌី-ណាតវ៉ា (Netumbo Nandi-Ndaitwah) បានប្រកាសពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាសហគមន៍ចិន-ណាមីប៊ី ដែលមានអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង។
លោក ស៊ី បាននិយាយថា ប្រទេសចិន និងណាមីប៊ី មានមិត្តភាពប្រពៃណីយ៉ាងជ្រាលជ្រៅ និងមានសេចក្តីប្រាថ្នារួមសម្រាប់ការអភិវឌ្ឍដោយលោកបានបន្ថែមថា ចាប់តាំងពីការបង្កើតចំណងការទូតមក ប្រទេសទាំងពីរតែងតែចាត់ទុកគ្នាទៅវិញទៅមកដោយស្មើភាព និងគាំទ្រគ្នា។
ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគីបានបន្តកាន់តែស៊ីជម្រៅ ដោយផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរលោក ស៊ី បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយណាមីប៊ី ដើម្បីបង្កើនការផ្លាស់ប្តូរទស្សនវិជ្ជានៃការអភិវឌ្ឍ និងពង្រឹងយុទ្ធសាស្ត្រ និងសហការជាមួយគ្នាទៅវិញទៅមកលើមាគ៌ារបស់ពួកគេឆ្ពោះទៅរកទំនើបកម្ម។
លោក ស៊ី បាននិយាយថា ប្រទេសចិន និងណាមីប៊ី គួរតែរក្សាការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធ ពង្រឹងការចែករំលែកបទពិសោធន៍លើការគ្រប់គ្រង រក្សាការទំនាក់ទំនងជាប្រចាំលើបញ្ហាដែលមានសារៈសំខាន់ជារួម និងជាយុទ្ធសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី និងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗរបស់ពួកគេ។
លោកបានកត់សម្គាល់ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសណាមីប៊ីក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពល រ៉ែ កសិកម្ម ការអប់រំ យុវជន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ចំពោះលោកស្រី ណាន់ឌី-ណាតវ៉ា បានអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន។ លោកស្រីបានបន្ថែមថា ប្រទេសណាមីប៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន និងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ។
លោកស្រី ណាន់ឌី-ណាតវ៉ា បាននិយាយថា ប្រទេសណាមីប៊ីស្វាគមន៍សហគ្រាសចិនកាន់តែច្រើនមកវិនិយោគ និងធ្វើប្រតិបត្តិការនៅក្នុងប្រទេសហើយសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ឧស្សាហកម្មរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ និងអវកាស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម និងធនធានទឹក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





