ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)
AKP កំពង់ចាម ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនា ឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ ដែលកាលនោះកំណាត់ផ្លូវនេះ រួមជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ក្រោយមក នៅក្នុង នីតិកាលទី៦ នៃរដ្ឋសភា ក្រោមកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញការសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវនេះឡើងវិញឱ្យបានធំទូលាយ និងល្អប្រសើរជាងមុនដោយផ្អែកលើការសិក្សាអំពីកំណើននៃការដឹកជញ្ជូន គួបផ្សំនឹងទំហំចរាចរណ៍ដែលមានការកើនឡើងយ៉ាងគំហុក ក៏ដូចជាបញ្ហានៃការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់ ហើយដែលគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ ជាផ្លូវការកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។ កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ។ បន្ថែមពីនេះ គម្រោងក៏មានសាងសង់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ចំនួន ២កន្លែង បំពាក់ភ្លើងសញ្ញាចរាចរណ៍ចំនួន ៤កន្លែង មានបង្គោលបញ្ចេញសំឡេង សម្រាប់ជនពិការឆ្លងកាត់ផ្លូវចំនួន ៨បង្គោល សាងសង់សួនពុះចែកទ្រូងផ្លូវ ដាក់លូគ្រប់ប្រភេទ និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
គម្រោងនេះបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបប្រមាណជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
ដោយ៖ គង់ សិរីរ័ត្ន





