គណៈប្រតិភូក្រសួងអប់រំធ្វើទស្សនកិច្ចសិក្សានៅសាលាមត្តេយ្យ TAIRA DAIICHI និងមណ្ឌលថែទាំមនុស្សចាស់ KIREISOU ប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសាលាមត្តេយ្យ TAIRA DAIICHI និងមណ្ឌលថែទាំមនុស្សចាស់ KIREISOU ក្នុងក្រុង Iwaki ខេត្ត Fukushima នៃប្រទេសជប៉ុន ក្នុងគោលបំណងស្វែងយល់ពីយន្តការអនុវត្តគំរូអប់រំ និងសេវាសង្គមប្រកបដោយគុណភាពរបស់ប្រទេសជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានសិក្សាស្វែងយល់អំពីទស្សនវិស័យអប់រំស្នូលរបស់សាលាមត្តេយ្យ TAIRA DAIICHI គឺ «ការរៀនសូត្រតាមរយៈការលេងកម្សាន្តជាមួយធម្មជាតិ» ដោយសាលាបានរៀបចំឡើងក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង ដែលជួយឱ្យកុមារតូចៗអាចភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីការលូតលាស់ផ្ទាល់ជាមួយធម្មជាតិជុំវិញខ្លួន និងការរៀបចំ អគារសិក្សា និងថ្នាក់រៀនក្នុងទម្រង់ Fairytale World ដែលបើកចំហទទួលពន្លឺព្រះអាទិត្យ និងខ្យល់អាកាសបរិសុទ្ធពីធម្មជាតិជួយដល់សុខភាព និងការបណ្ដុះគំនិតច្នៃប្រឌិតរបស់កុមារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ និងគណៈប្រតិភូក៏បានទៅមើលមណ្ឌលថែទាំមនុស្សចាស់ KIREISOU ដើម្បីស្វែងយល់អំពីការផ្តល់សេវាថែទាំប្រកបដោយក្តីមេត្តា សុវត្ថិភាព និងការលើកកម្ពស់សុខុមាលភាពផ្លូវចិត្តដល់មនុស្សចាស់នៅក្នុងសហគមន៍។ មណ្ឌលថែទាំងមនុស្សចាស់នេះផ្តល់សេវាថែទាំ និងជំនួយប្រចាំថ្ងៃដល់មនុស្សចាស់ ដើម្បីឱ្យពួកគាត់ទទួលបានការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាព ជាពិសេសផ្តោតលើការបង្កើតបរិយាកាសដ៏កក់ក្តៅដូចជាគ្រួសារ និងលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់តាមរយៈការថែទាំប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរីករាយដែលបានមកទស្សនកិច្ចដោយផ្ទាល់នៅសាលាមត្តេយ្យ TAIRA DAIICHI និងមណ្ឌលថែទាំមនុស្សចាស់ KIREISOU នាពេលនេះ ដោយបានបង្ហាញពីរបៀបដែលរដ្ឋាភិបាលជប៉ុនយកចិត្តទុកដាក់លើការកសាងមូលដ្ឋានគ្រឹះនៃការអប់រំតាំងពីវ័យកុមារតូច តាមរយៈការស្រឡាញ់ធម្មជាតិ និងការច្នៃប្រឌិត រួមផ្សំជាមួយនឹងការយកចិត្តទុកដាក់ថែទាំមនុស្សចាស់ដោយភាពកក់ក្ដៅ។ គំរូដ៏ល្អទាំងនេះនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវ និងកែលម្អគោលនយោបាយអប់រំ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់វ័យនៅកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




