រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីរៃអង្គាសថវិកា ជួយដល់កុមារកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោករបស់ខ្លួន ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ ក្នុងជំនួបនេះបានធ្វើឡើង នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

សម្រាប់បេសកកម្មដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធិ ដែលមានរយៈពេល ២ឆ្នាំនេះ គឺក្នុងយុទ្ធនាការ "ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា"។ លោកបានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវសរុប ៦០ ០០០ គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេស ដើម្បីរៃអង្គាសថវិកាសម្រាប់បុព្វហេតុមនុស្សធម៌។ តាមរយៈការខិតខំប្រឹងប្រែងនេះ លោក ទីវ តារារិទ្ធិ បានរៃអង្គាសថវិកាបានចំនួន ២៦០ ២៤៣.៥៧ ដុល្លារអាម៉េរិក។

ចំពោះថវិកាដែលទទួលបានពីបេសកកម្មនេះ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្រ្ដា បានមានប្រសាសន៍កោតសរសើរចំពោះស្មារតីលះបង់ និងការប្តេជ្ញាចិត្តរបស់លោក ទីវ តារារិទ្ធិ ក្នុងការចូលរួមចំណែកដល់សង្គមជាតិ ជាពិសេសសម្រាប់សុខុមាលភាពរបស់កុមារកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តដល់លោក ទីវ តារារិទ្ធិ ឱ្យបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជាទៅមុខទៀត៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា




