ពិធីប្រកាសចូលកាន់តំណែងលោក យ៉ុម ហឿន ជាអភិបាលរងនៃគណៈអភិបាលស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦--នៅអគាររដ្ឋបាលស្រុកស្ទោងនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាស ចូលកាន់តំណែងលោក យ៉ុម ហឿន ជាអភិបាលរងនៃគណៈអភិបាលស្រុកស្ទោង ក្រោមអធិបតី ភាពលោក តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹក នាំខេត្ត ថ្នាក់ដឹកនាំស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និង មន្ត្រីរាជការ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក តាំង ម៉េងលាន បានបញ្ជាក់ថា ការរៀបចំប្រកាសជាផ្លូវការលោក យ៉ុម ហឿន ឱ្យចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកស្ទោង ស្របតាមការសម្រេចរបស់ ក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិជាធរមាន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។

ក្នុងឱកាសនោះលោក តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសួរ សុខទុក្ខ និងការកោតសរសើរពីថ្នាក់ដឹកនាំខេត្តជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធក្នុងស្រុកស្ទោង ដែលកន្លងមកបានខិតខំបំពេញភារកិច្ចប្រកបដោយការ ទទួលខុស ត្រូវ និងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងការបម្រើសេវាជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានសម្តែងការអបអរសាទរចំពោះលោក យ៉ុម ហឿន ដែលទទួល បានការទុកចិត្តពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃឱ្យចូលកាន់តំណែង ជាអភិបាលរងស្រុក ស្ទោង។ លោកបានណែនាំឱ្យថ្នាក់ដឹកនាំថ្មីត្រូវប្រកាន់ ខ្ជាប់នូវគោលការណ៍នៃការដឹកនាំប្រកប ដោយតម្លាភាព គណនេយ្យភាព វិន័យ សីលធម៌ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តសហការ យ៉ាងជិតស្និទ្ធជាមួយគណៈអភិបាលស្រុកមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលកាន់តែល្អ ប្រសើរ។ លោកក៏បានក្រើនរំលឹកឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់ គុណភាពសេវាសាធារណៈ និងបំពេញការងារដោយឈរលើគោលការណ៍ “បម្រើ ប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមានប្រសិទ្ធភាព” សំដៅធ្វើឱ្យប្រជាពលរដ្ឋទទួលបានទំនុកចិត្ត កាន់តែខ្លាំងចំពោះរដ្ឋបាលថ្នាក់មូលដ្ឋាន។

លោក យ៉ុម ហឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួង មហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់ទំនុកចិត្តតែងតាំងលោកឱ្យ កាន់តំណែងជាអភិបាល រងស្រុកស្ទោង។ លោកបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញតួនាទី និងភារកិច្ចដោយស្មារតីទទួល ខុសត្រូវខ្ពស់ គោរពច្បាប់ គោរពវិន័យរដ្ឋបាល ប្រកាន់ខ្ជាប់នូវគោលការណ៍បម្រើប្រជាពលរដ្ឋ និងសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍស្រុកស្ទោងឱ្យមានការរីកចម្រើន លើគ្រប់វិស័យ៕

ដោយ ស៊ុម វណ្ណា





