ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ០២ ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី រាជធានីភ្នំពេញ។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវបានបង្កើតឡើងដោយ ក្រឹត្យលេខ ១០៣សន ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះថា “សាលាមន្រ្តីសុខាភិបាល”។ បន្ទាប់មកបានប្តូរឈ្មោះជាបន្តបន្ទាប់ទៅជា “មហាវិទ្យាល័យវេជ្ជសាស្រ្តនិងវិទ្យាស្ថានទន្តវទនសាស្រ្ត” នៅចន្លោះឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៧៥។ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មហាវិទ្យាល័យនេះត្រូវបានបោះបង់ចោលទាំងស្រុង។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ មហាវិទ្យាល័យបានបើកទ្វារឡើងវិញ ដោយមានឈ្មោះថា មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត នៅខែកុម្ភៈ ឆ្នាំ១៩៨០ និងប្តូរឈ្មោះជាមហាវិទ្យាល័យចំរុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត នៅចុងឆ្នាំ១៩៨០។ នៅឆ្នាំ១៩៩៧ មហាវិទ្យាល័យនេះបានប្រែក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោយពីមានការច្របាច់បញ្ចូលគ្នារវាងមហាវិទ្យាល័យចំរុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត និងសាលាកម្មាភិបាលសុខាភិបាលមជ្ឈឹម។ ចាប់ពីខែធ្នូ ឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចកែសម្រួលរចនាសម្ព័ន្ធសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឡើងវិញ ដោយមាន ៩ អង្គភាព ថ្នាក់ស្មើនាយកដ្ឋាន ក្នុងនោះ មានមហាវិទ្យាល័យចំនួន ៦ មន្ទីរពេទ្យសាកលវិទ្យាល័យ ចំនួន ០១ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ចំនួន ០១ និងអង្គភាពកិច្ចការទូទៅ ចំនួន ០១។ ឆ្នាំ២០២៦នេះ ជាខួបទី៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្រោយពីបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារៈ បរិក្ខារសម្រាប់ការរៀន និងបង្រៀន។ ក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការរៀន និងបង្រៀនរបស់សាកលវិទ្យាល័យត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ រួមមានជាអាទិ៍៖ ការជួសជុលកែលម្អអគារមួយចំនួន សាងសង់ថ្មីបន្ថែមនូវអគារសិក្សាថ្មីចំនួន ៦អគារ ក្នុងនោះ អគារសិក្សាចំនួន០២ នឹងត្រូវសម្ភោធនៅថ្ងៃនេះ ព្រមទាំងកំពុងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ អាចផ្តល់សេវាសម្រាកព្យាបាល ចំនួន ២០០ គ្រែ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៧។ សាកលវិទ្យាល័យ ក៏គ្រោងនឹងសាងសង់អគារសិក្សាថ្មីបន្ថែម ក្នុងឆ្នាំ២០២៧ ចំនួន ០១ អគារបន្ថែមទៀត។ ទន្ទឹមនឹងនេះសាកលវិទ្យាល័យបានបំពាក់ឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើបៗបែបឌីជីថលសម្រាប់ការរៀននិងបង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ការអប់រំក្នុងវិស័យសុខាភិបាលក្នុងសតវត្សទី២១ ។
អគារសិក្សា ដែលត្រូវនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ មានចំនួន ០២ អគារ នៅទីតាំងទី១ ត្រូវបានប្រសិទ្ធនាមថា អគារ តេជោធិបតី សន្តិភាព និងនៅទីតាំងទី២ ត្រូវបានប្រសិទ្ធនាមថា អគារ តេជោធិបតី អភិវឌ្ឍន៍ ដើម្បីជាការរំលឹកគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានគុណូបការៈនាំមកនូវសន្តិភាព និងភាពជឿនលឿនជូនប្រទេសជាតិ និងជាពិសេសបានដាក់ឱ្យមានយុទ្ធសាស្រ្ត “ស្លឹកត្នោតខ្ចប់ស្ករត្នោត” ដែលបានផ្តល់ភាពរីកចម្រើនយ៉ាងច្រើនដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ។ អាគារសិក្សាទាំងពីរនេះ ប្រើប្រាស់ថវិកាសរុបចំនួន ៥៧ ១០៩ ២៣២ ៨៥០ រៀល មានកម្ពស់ ៨ ជាន់ដូចគ្នា។ អគារ តេជោធិបតី សន្តិភាព មានទំហំផ្ទៃក្រឡាសរុប ១៤ ៣៥៤ .១៨ម៉ែត្រការ៉េ មានបន្ទប់ចំនួន ៩២ បន្ទប់ ដែលក្នុងនោះមាន ថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ ចំនួន ៤៧ បន្ទប់ បន្ទប់ការិយាល័យចំនួន ២២ បន្ទប់ សហសាលដែលអាចទទួលអ្នកចូលរួមប្រមាណ ៥០០ នាក់ ចំនួន ០១ បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ២២ បន្ទប់។ ដោយឡែក អគារ តេជោធិបតី អភិវឌ្ឍន៍ មានទំហំផ្ទៃក្រឡាសរុប ១៤ ៩៣១. ៨០ម៉ែត្រការ៉េ មានបន្ទប់ចំនួន ៤៦ បន្ទប់ ដែលក្នុងនោះមាន ថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ ចំនួន ៣៤ បន្ទប់ បន្ទប់ការិយាល័យចំនួន ០៧ បន្ទប់ សហសាលដែលអាចទទួលអ្នកចូលរួមប្រមាណ ៥០០ នាក់ ចំនួន ០១ បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ០៤ បន្ទប់។គិតត្រឹមខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានគណៈគ្រប់គ្រង មន្រ្តីរាជការ បុគ្គលិកកិច្ចសន្យា សាស្ត្រាចារ្យ និងគ្រូ សរុបចំនួន ១ ៤៧៧ នាក់ ( នារី ៤៧៦ នាក់ ) ក្នុងនោះ បានចែកចេញជា ក្រុមប្រឹក្សាភិបាល ចំនួន ០៧ នាក់ (ជាបុរស) គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក សាស្ត្រាចារ្យ និងគ្រូបំពេញការងារនៅសាកលវិទ្យាល័យ ចំនួន ៣៤១ នាក់(នារី១៨៤ នាក់) សាស្ត្រាចារ្យ គ្រូអញ្ជើញមកពីមន្ទីរពេទ្យនានាឲ្យមកបង្រៀននៅសាកលវិទ្យាល័យ ចំនួន ចំនួន ១ ០៥៩ នាក់ ( នារី ២៦០ នាក់ ) និងសាស្ត្រាចារ្យ ជំនាញការបរទេស ចំនួន ៧០ នាក់ ( នារី ៣២ នាក់ )៕
ដោយ៖ គង់ សិរីរ័ត្ន





