ចិនមានឆន្ទៈពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការជាមួយកាណាដា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា និងបង្រួម«បញ្ជីបញ្ហា» ផងដែរ។
អ្នកនាំពាក្យ លោក ហេ យ៉ាដុង (He Yadong) បានធ្វើការកត់សម្គាល់នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់ លោក ម៉ានីនដឺ ស៊ីឌូ (Maninder Sidhu) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកាណាដាថា លោកទន្ទឹងរង់ចាំពិភាក្សាអំពីការកាត់បន្ថយពន្ធបន្ថែមទៀតលើផលិតផលស្រូវសាលី សណ្តែកបារាំង និងអាហារសមុទ្ររបស់ប្រទេសកាណាដាជាមួយសមភាគីចិនរបស់លោកនៅរដូវស្លឹកឈើជ្រុះនេះ។
យោងតាមលោក ហេ បានឱ្យដឹងថា កាលពីខែមករា ប្រទេសចិន និងកាណាដា មានការដឹកនាំដោយការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានរវាងមេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលបានបង្កើតកិច្ចព្រមព្រៀងរួមគ្នាដំបូងសម្រាប់ដោះស្រាយបញ្ហាពាណិជ្ជកម្មទ្វេភាគី។
លោកបានកត់សម្គាល់ថា ប្រទេសចិនតែងតែតស៊ូមតិក្នុងការដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដោយស្មើភាពគ្នា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ការអភិវឌ្ឍដែលមានសុខភាពល្អ ស្ថិរភាព និងប្រកបដោយចីរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកាណាដា។
យោងតាមផែនទីបង្ហាញផ្លូវដែលបានចុះហត្ថលេខាកាលពីខែមករាភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងយន្តការគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមចិន-កាណាដា និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែងយ៉ាងទូលំទូលាយលើគ្រប់វិស័យ។ ពួកគេក៏បានឈានដល់ការឯកភាពគ្នាជាវិជ្ជមានលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគី និងតំបន់ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





