អង្គការ World Vision ប្រែក្លាយផ្ទះបាយសាលារៀនឱ្យទៅជាកន្លែងចម្អិនអាហារដែលមានភាពបៃតង គ្មានផ្សែងពុល
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា World Vision បានផ្លាស់ប្រែផ្ទះបាយសាលារៀនឱ្យទៅជាកន្លែងចម្អិនអាហារដែលមានភាពបៃតង គ្មានផ្សែងពុល ដែលជួយការពារសុខភាពផ្លូវដង្ហើមរបស់កុមារ និងចុងភៅបានយ៉ាងប្រសើរ។

ប្រភពពីអង្គការ World Vision បានឱ្យដឹងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា ទន្ទឹមនឹងការលើកកម្ពស់សុខភាព ការប្រើប្រាស់ថាមពលជីវឧស្ម័នជំនួសឱ្យអុស ជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងការកាប់បំផ្លាញព្រៃឈើ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយឱ្យសាលារៀនសន្សំសំចៃពេលវេលា និងថវិកាលើការចម្អិនអាហាររូបត្ថម្ភប្រចាំថ្ងៃ។

អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា World Vision បានគាំទ្រសាលារៀនគោលដៅចំនួន ១០ ដែលក្នុងនោះ ៥ សាលារៀននៅក្នុងស្រុកសន្ទុក ខេត្តកំពង់និង ៥ សាលារៀននៅក្នុង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ដើម្បីអនុវត្តន៍ការប្រើប្រាស់ចង្រ្កានឡជីវឧស្ម័ន សម្រាប់ចម្អិនអាហារជូនដល់សិស្សានុសិស្ស និងធានាថារាល់កុមារគ្រប់រូបទទួលបានអាហារពេលព្រឹកដែលផ្តល់ថាមពល និងក្តីសង្ឃឹម៕

ដោយ ណយ នឿន (ប្រភព៖ World Vision)





