ឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍និងផ្សព្វផ្សាយផែនការការពារសន្តិសុខ
AKP កំពង់ធំ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខនិងបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ច ការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅការងាអនុវត្តបន្តឆមាសទី២ឆ្នាំ២០២៦ និងផែនការការពារសន្តិសុខ សុវត្ថិភាពតម្រាយផ្លូវសម្រួលចរាចរណ៍ និងសង្គ្រោះបន្ទាន់ឧបទ្ទវហេតុផ្សេងៗ ជូនក្រុមកីឡាករ កីឡាការនី ចូលរួមក្នុងព្រឹត្តិការណ៍ ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ "ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ " នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថា នេះជាការខិតខំប្រឹងប្រែង សហការគ្នាមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ទើបបំពេញភារកិច្ចបានជោគជ័យជាក់ស្ដែងកម្លាំងកងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្មក្នុងការពារ និងបម្រើប្រជាពលរដ្ឋសង្គមជាតិទាំងមូលឱ្យរីកចម្រើនទៅមុខ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានសង្កត់ធ្ងន់ទៅលើកម្លាំងក្នុងចេញការពារ សម្រួលចរាចរណ៍ និងជួយសង្គ្រោះតាមគោលដៅនីមួយៗ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ត្រូវសហការជាមួយកម្លាំងនគរបាល អាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះបន្ទាន់ឧបទ្ទវហេតុផ្សេងៗ ជូនក្រុមកីឡាករ កីឡាការនី ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះទទួលបានសុវត្ថិភាព និងជោគជ័យគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដាក់បទបញ្ជាឱ្យកម្លាំងទាំងអស់ ត្រូវស្ថិតក្នុងស្ថានភាពត្រៀមអន្តរាគមន៍ និងរង់ចាំអនុវត្តបទបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដោយត្រូវគោរពវិន័យក្រមសីលធម៌និងអនុវត្តតួនាទី/ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ស៊ុម វណ្ណា





