បណ្តុះបណ្តាលដល់សហគមន៍ទំនើបពីការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦--ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធបានបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ប្រតិបត្តិស្តង់ដា (SOP)» ជូនដល់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកសហគមន៍កសិកម្មទំនើប (MAC) ដំណាំស្រូវទាំងអស់មកពីទូទាំងប្រទេស នៅខេត្តកំពត។

ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការអនុវត្ត SOP រួមតែមួយ គឺជារឿងចាំបាច់បំផុត ដើម្បីធានាស្តង់ដាគុណភាព តម្លាភាព និងប្រសិទ្ធភាពប្រតិបត្តិការរួមដែលមានសង្គត់ភាពជាមួយគ្នា។

ជាពិសេស ស្របពេលដែលយើងទើបបង្កើតសហភាពសហគមន៍កសិកម្មទំនើប (UMAC) ដែលជាយន្តការសម្របសម្រួលរួមដល់សហគមន៍កសិកម្មទំនើបទាំងអស់ ការប្រើប្រាស់ SOP តែមួយនេះ គឺជាគ្រឹះដ៏រឹងមាំ ដើម្បីឈានទៅរកការប្រមូលផ្តុំកម្លាំងទិញ ផលិត និងបង្កើនអំណាចចរចាទីផ្សារក្នុងវិសាលភាពកាន់តែធំ។ គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំ និងអនុវត្តរួមគ្នាដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និង UMAC ដោយទទួលបានការគាំទ្រពីអង្គការ DGRV៕

ដោយ៖ មករា





