លោកអភិបាលរងខេត្ត អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដើម្បីចុះបញ្ជីជាគម្រោង QIP នៅក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦--លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានដូចជា៖ ១.បង្កើតរោងចក្របោះពុម្ពខ្នាតធំលើក្រដាស និងប្លាស្ទិក, ២.រោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុម គំនូរ ជើងទ្រគំនូរធ្វើពីឈើ គ្រឿងសង្ហារិម និងក្តារបន្ទះដែលមានទីតាំងនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន ១៤សំណើ និងបានចុះបញ្ជីជាបន្តបន្ទាប់ជូនម្ចាស់សំណើចំនួន ១២គម្រោង ដោយគោរពតាមក្របខ័ណ្ឌពេលវេលា មិនលើសពី ២១ថ្ងៃ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តត្រូវខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគដោយរក្សាទំនាក់ទំនងល្អ ក្នុងការជួយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំឱ្យបានលឿនឆាប់ និងមានតម្លាភាពសម្រាប់អ្នកវិនិ យោគទាំងខ្មែរ និងបរទេស។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យម្ចាស់ទីតាំងដែលជាបណ្តុំរោងចក្រ សហគ្រាសត្រូវបន្តអភិវឌ្ឍន៍ទីតាំងរបស់ខ្លួន ឱ្យក្លាយទៅជាសួនឧស្សាហកម្មស្របតាមលិខិតបទដ្ឋានគតិយុត្ត។ ទន្ទឹមនោះ លោកអភិបាលរងក៏បានសំណូមពរឱ្យក្រុមហ៊ុនទាំង២ ព្យាយាមអូសទាញអ្នកវិនិយោគដទៃទៀតឱ្យងាកមកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវា ប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ និងរៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ ព្រមទាំងមានច្រកចេញ ចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីឱ្យមានភាពបៃតងក្នុងការផ្តល់ផាសុកភាពជូនដល់បុគ្គលិក កម្មករប្រកបការងារនៅតាមទីតាំងនីមួយៗ៕

ដោយ ងូ សុមុនី





