ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ជាភាសាបារាំងថា PSE
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងពិធីប្រគល់ សញ្ញាបត្រជូនដល់សិស្ស-និស្សិតរបស់វិទ្យាស្ថាន ប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤ ស្ថិតនៅផ្ទះលេខ ៤០២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ៣។

និស្សិតជ័យលាភីចូលរួមសរុបចំនួន៥០០ នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។ ១០០%នៃនិស្សិតជ័យលាភីដែលមានវត្តមានថ្ងៃនេះមានការងារធ្វើ និង៨៨%ទទួលបានប្រាក់ចំណូលច្រើនជាង២៥០$ ក្នុងមួយខែ។ ក្នុងនោះ១%បម្រើការក្នុងវិស័យសាធារណៈ ៥%បើកអាជីវកម្មផ្ទាល់ខ្លួន និង៩៤%បម្រើការក្នុងវិស័យឯកជននានា។
វត្តមានរបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតនាពេលនេះ គឺជាមហាកិត្តិយស និងជាការលើកទឹកចិត្តដ៏ថ្លៃថ្លាបំផុត សម្រាប់កុមារ យុវជន ក្រុមគ្រួសារ បុគ្គលិក ក្រុមការងារ អ្នកស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាបំពេញបេសកកម្មប្រកបដោយស្មារតីទទួលខុសត្រូវ និងការលះបង់ខ្ពស់ រហូតធ្វើឱ្យអង្គការដើម្បីភាពញញឹមនៃកុមារ អាចបន្តបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ និងនិរន្តរភាព អស់រយៈពេល ៣០ ឆ្នាំកន្លងមក។
អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ជាភាសាបារាំងថា PSE ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៦ ដោយលោក និងលោកស្រី Christian និង Marie-France Des Pallières។ ដើម្បីបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា និងបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងទទួលបានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ១៩៩៦មក អង្គការបានជួយកុមារ និងយុវជនដែលមកពីគ្រួសារទីទ័លក្រ និងមិនបានទទួលការអប់រំដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ តាមរយៈកម្មវិធីប្រតិបត្តិចំនួន៦ធំៗគឺ៖ ទី១ កម្មវិធីអាហារ ទី២ កម្មវិធីសុខភាព ទី៣ កម្មវិធីការពារនិងការស្នាក់នៅ ទី៤ កម្មវិធីអប់រំចំណេះទូទៅ ទី៥ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងឧត្តមសិក្សា និងទី៦ កម្មវិធីផ្តល់ជំនួយដល់គ្រួសារ។ កម្មវីធីទាំងអស់នេះ គឺជាការចូលរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ មានកុមារនិងយុវជនក្រីក្រនិងងាយរងគ្រោះជាង ១៥០០០ នាក់ បាននឹងកំពុងទទួលបានការអប់រំចំណេះទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការគាំទ្រផ្សេងៗ។ ក្នុងនោះមានសិស្ស-និស្សិតជាង ៨០០០នាក់ បានបញ្ចប់ការសិក្សាវិជ្ជាជីវៈ និងកំពុងចូលរួមចំណែកនៃកម្លាំងពលកម្មជំនាញលើគ្រប់វិស័យការងារទូទាំងប្រទេសកម្ពុជា និងបានក្លាយជាបុគ្គលគំរូនៅក្នុងសហគមន៍របស់ពួកគេផងដែរ។ នាពេលបច្ចុប្បន្ននេះ អង្គការនៅតែបន្តបេសកកម្មអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំទ្រផ្សេងៗដល់កុមារ និងយុវជនក្រីក្រ និងងាយរងគ្រោះជិត ៧០០០នាក់ ជារៀងរាល់ឆ្នាំ។
ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យជាតិសម្រាប់ឆ្នាំ២០៣០ និង២០៥០ ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញដែលជាទិសដៅស្នូលដ៏សំខាន់មួយក្នុងការពង្រឹងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ក្នុងបរិបទនេះ ពិធីអបអរខួបទី៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារនៅក្នុងឆ្នាំនេះ មិនត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរលើភាពជោគជ័យនៃបេសកម្មរបស់អង្គការតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញនូវវឌ្ឍនភាពនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលឆ្លើយតបនឹងតម្រូវការទីផ្សារជំនាញអាទិភាពសម្រាប់សេដ្ឋកិច្ចជាតិ នាពេល៣០ឆ្នាំកន្លងមកនេះផងដែរ។ ក្នុងឱកាសនេះ ក៏ជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់អង្គការទាំងមូល ក្នុងការបន្តចូលរួមចំណែកក្នុងដំណើរឈានទៅរកទិសដៅអាទិភាពអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញជាតិសម្រាប់ពង្រឹងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕
ដោយ៖ គង់ សិរីរ័ត្ន





