ក្រសួងការពារជាតិបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំស្តីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
AKP ភ្នំពេញ ថ្ងៃទី0១ ខែកក្កដា ឆ្នាំ២០២៦--ក្រុមការងារដឹកនាំ និងជំរុញការអនុវត្តន៍សេចក្តីណែនាំលេខ ០០៣ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំ ស្តីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ខ្លួន នៅទីស្ដីការក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារដឹកនាំ និងជំរុញការអនុវត្តន៍សេចក្តីណែនាំលេខ ០០៣ របស់ក្រសួងការពារជាតិ។

យោងតាមរបាយការណ៍របស់ក្រុមការងារដឹកនាំ និងជំរុញការអនុវត្តន៍សេចក្តីណែនាំលេខ ០០៣ របស់ក្រសួងការពារជាតិ ដែលលើកមកបញ្ជាក់ដោយ វរសេនីយ៍ឯក ខុន សំអាត ជំនួយការផ្ទាល់ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានឲ្យដឹងថា៖ ក្នុងមួយឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ ០០៣ របស់ក្រសួងការពារជាតិ ក្រោយពីដាក់ចេញនៅគោលការណ៍ពង្រឹងការអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ តាមសេចក្តីណែនាំលេខ ០០៣ និងស្មារតីលិខិតលេខ ០០៩ របស់ក្រសួងការពារជាតិ, ក្រុមការងារបានដឹកនាំជំរុញ ត្រួតពិនិត្យ និងកែតម្រូវដោយសហការយ៉ាងល្អជាមួយបណ្ដាអង្គភាព ស្ថាប័ន ជាពិសេស អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្សព្វផ្សាយ អប់រំណែនាំយោធិនស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ពិសេសក្នុងការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា បរិក្ខាររួមផ្សំ ឱ្យបានត្រឹមត្រូវតាមលំដាប់ថ្នាក់ នៃឋានានុក្រម ដូចមានចែងក្នុងជំពូកទី០៥ មាត្រា ២៧ នៃអនុក្រឹត្យស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងប្រកាសលេខ ៤៤/២០១៧ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ដីពីការប្រើប្រាស់ឯកសណ្ឋានស្លាកសញ្ញានិងទង់ជ័យកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម ច័ន្ទ សុភត្រា រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់រូប ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារប្រកបដោយភាពទទួលខុសត្រូវ លើការអនុវត្តន៍សេចក្តីណែនាំលេខ ០០៣ របស់ក្រសួងការពារជាតិ ឱ្យមានប្រសិទ្ធភាព។ ឧត្តមសេនីយ៍ឯក រដ្ឋលេខាធិការ ក៏បានលើកឡើងបន្ថែមទៀតថា៖ ថ្មីៗនេះមាននាយ ពលទាហានមួយចំនួន គ្រងឯកសណ្ឋាន ជាកងយោធពលខេមរភូមិន្ទ និងយកតួនាទី ទៅលេងសើចនៅក្នុងបណ្ដាញសង្គម ពិសេសការបង្អោះតាមបណ្ដាញសង្គមផងដែរ នូវរូបភាពការចល័តទ័ព យុទ្ធោបករណ៍ និងលេនដ្ឋានជាដើម ហើយពេលថ្មីៗនេះ ក៏មានកងទ័ពមួយចំនួនយកតួនាទីរបស់ខ្លួន ទៅសម្លុតគំរាមកំហែងដល់ជនស៊ីវិល នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់លក្ខការណ៍សម្ងាត់របស់កងទ័ព និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ និងបានសំណូមពរដល់យោធិនទាំងអស់ លុបបំបាត់ ភាពអសកម្មទាំងនេះឲ្យអស់ ហើយត្រូវពួតដៃគ្នាជាកម្លាំងសាមគ្គី ធ្លុងមួយក្នុងការការពារ និងបណ្ដេញចោលនូវជនឈ្លានពានទឹកដីឲ្យអស់ ពីទឹកដីកម្ពុជា ៕

ដោយ សំ សាម៉ន





