អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះ អ.ន.ក.នៅខេត្តមណ្ឌលគិរី
AKP ភ្មំពេញ ថ្ងៃទី0១ ខែកក្កដា ឆ្នាំ២០២៦--លោក អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក.នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.ក្នុងខេត្តមណ្ឌលគិរី។

នៅក្នុងឱកាសនោះ លោក អគ្គលេខាធិការរង អ.ន.ក.អ៊ុ សុខ បានមានប្រសាសន៍គូសបញ្ជាក់ពីចំណុចសំខាន់ៗ ក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបទថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសបានអនុម័តរួចមក។ ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេសដែលមានជំនាញបទពិសោធន៍លើការងារសមាគមនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដើម្បីយកធ្វើជាពិសោធន៍ ជាមេរៀនសម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្ត ផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





