ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៣ គ្រួសារក្នុងក្រុងកំពង់ចាមទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
AKP កំពង់ចាម ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៦--ពលរដ្ឋរងគ្រោះ ចំនួន ៣ គ្រួសារ រស់នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូននារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការផ្តល់និងប្រគល់ជូន ដោយលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឲ្យ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ។

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាបានពាំនាំនូវការ ចូលរួមសោកស្តាយ និងការសាកសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ជាមួយក្រុមគ្រួសាររងគ្រោះ ដែលបង្កឡើង ដោយគ្រោះមហន្តរាយពីធម្មជាតិ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវតែបង្កើនប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ជាយថាហេតុណាមួយ ពិសេសនៅពេល មេឃរកកលភ្លៀងនិងមានភ្លៀងធ្លាក់តែងតែមានបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម។ ចូរបងប្អូន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតទើបយើងអាចការពារខ្លួនចៀសផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត និងចូលរួមថែទាំសុខភាពឲ្យបានល្អ ដោយប្រកាន់នូវអនាម័យបីប្រការគឺ ហូរស្អាត ផឹកស្អាតនិងរស់នៅស្អាត។

ចំពោះអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូន២គ្រួសារនោះ ដោយក្នុង ១គ្រូសារៗទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត ១ សម្រាប់ និងថវិកា ១គ្រួសារដែលរងផលប៉ះពាល់កម្រិតធ្ងន់ ជូន ថវិកាចំនួន៤០០ ០០០ និង ២គ្រួសារងផលប៉ះពាល់ផ្តល់ជូននូវថវិកាចំនួន១០០ ០០០រៀល ៕

ដោយ ឆាយ ម៉ុត





