មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកប្រេងឥន្ធនៈស្បៀងអាហារទៅឧបត្ថម្ភកម្លាំងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នាឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ
AKP កំពង់ធំ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បាននាំយកប្រេងឥន្ធនៈស្បៀងអាហារ គ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភ និងពង្រឹងវិធានការ នៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចនៅក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ។

លោកអនុសេនីយ៍ឯក ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្ដាយ ឃុំសាន់គរ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលសកម្មភាពការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដោយបានបង្ក្រាបឧបករណ៍នេសាទខុសច្បាប់បានជាច្រើនករណី ពិសេសរបាំងស្បៃមុងខុសច្បាប់និងបានចាក់ប្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញបានរាប់រយគីឡូក្រាម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណនិងថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតពីថ្ងៃឈប់សម្រាក និងមិនគិតពីការលំបាកនឿយហត់ គឺក្នុងគោលបំណងថែរក្សាធនធានមច្ឆជាតិ ទុកសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត និងដើម្បីសង្គមជាតិយើងទាំងអស់គ្នា ។ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹមបន្តទៀត ដោយត្រូវធ្វើការបែងចែកវេនបំពេញភារកិច្ច និងវេនឈប់សម្រាកដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវតែមានកងកម្លាំងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយមិនទុកឱកាសឱ្យជនខិលខូចលួចប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ធ្ងន់ធ្ងរ នៅក្នុងពេលដែលមន្ត្រីនិងកងកម្លាំងឈប់សម្រាកជាដាច់ខាត។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈចំនួន ៤០០ លីត្រ ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួនទៀតនិងបានចូលរួមជាមួយកងកម្លាំងក្នុងការ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលមានរបាំងស្បៃមុងចំនួន ៤ របាំ មានប្រវែងជាង២៥០ ម៉ែត្រនៅតំបន់បឹងមហាពពាយ ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

ដោយ ស៊ុម វណ្ណា





