សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជាក្រពះរបស់ជាតិ ខណៈដែលមច្ឆជាតិគឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ
AKP ស្វាយរៀង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជាក្រពះរបស់ជាតិ ខណៈដែលមច្ឆជាតិគឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆជាតិជាប្រភពផ្តល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន ហើយមច្ឆជាតិជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ។ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសទិវាមច្ឆជាតិ ១ កក្កដា នៅទន្លេវ៉ៃគោ ក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន គឺជាបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាពគឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទគឺជាមុំទី៣។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាក់ស្តែង សម្រាប់វិស័យកសិកម្ម ជារួម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២–២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព ហើយថាគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកកសិកម្មទំនើប និងជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍន៍វិស័យកសិកម្មតាមអនុវិស័យ។ សម្តេចធិបតីក៏បានកោតសរសើរជូនថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំជំរុញវិស័យនេះ ដូចដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងសមិទ្ធផលដែលពីមួយឆ្នាំទៅមួយឆ្នាំយើងកាន់តែអាចធ្វើទៅបាន ខណៈបញ្ហាកសិកម្មគឺជាបញ្ហាប្រឈម ការប្រែប្រួល ជាពិសេសស្ថានភាពលើពិភពលោក ដែលតម្លៃនៅក្នុងកសិផលនីមួយៗ ជាពិសេសគឺមិនមែនផលិតផលដែលដូចក្នុងឧស្សាហកម្ម ដែលយើងធានាតម្លៃបានច្រើន។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «ប្រទេសយើងជាប្រទេសតូច ទីផ្សារកសិផលនាំចេញទៅក្រៅគឺសំខាន់ បរិមាណ និងតម្លៃដែលយើងត្រូវខិតខំដើម្បីផ្ទេរទៅឱ្យកសិកររបស់យើង»។
តាមរបាយការណ៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងទៅ វិស័យកសិកម្មបន្តរួមចំណែកជាង ១៦ភាគរយ នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបកើនឡើងដល់ជាង ៨,៣ ពាន់លានដុល្លារ និងបាននាំចេញនូវផលិតផលកសិកម្មជិត ១៥ លានតោន ទៅកាន់ ៩៤ ប្រទេស ទូទាំងពិភពលោក គិតជាទឹកប្រាក់ជិត ៦,៥ពាន់លានដុល្លារ ក្នុងនោះ អនុវិស័យដំណាំមានជាង ៥,៦ ពាន់លានដុល្លារ៕
ដោយ៖ ចាន់ សុភឿន





