ភ្ញៀវទេសចរបរទេសជាង២០០នាក់ ចូលមកទស្សនកិច្ចកម្ពុជា រយ:ពេល៦ថ្ងៃ តាមច្រកកំពង់ផែក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ ODYSSEYS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយពេល ៦ថ្ងៃ គឺចាប់ពីគីថ្ងៃទី២៣ ដល់២៨ ខែតុលា ឆ្នាំ២០២៦ ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ បរទេសនេះ មានឈ្មោះ ODYSSEYS សញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ១៩៥.៨២ម៉ែត្រ ទទឹងប្រវែង ២២.៥០ម៉ែត្រ ជំរៅទឹក ៥.៥៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ចំនួន ២០៣នាក់ ស្រី ១១៦នាក់ ស្មើនឹង ១៥សញ្ជាតិ និងមាននាវិកសរុបចំនួន ១៥៦នាក់ ស្រី ១២នាក់ ស្មើនឹង ១៦សញ្ជាតិ។
នាវាទេសចរណ៍ ODYSSEYS បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៥ និង៥០ នាទី រសៀលថ្ងៃទី២៣ ខែតុលា ២០២៦ នាវានេះមានគម្រោងចាក ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២២ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម ។


ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស ODYSSEYS ដែល មានសញ្ជាតិច្រើនជាងគេមានដូចជា USA មានចំនួន ១៥៩នាក់ ស្រី ៩៦នាក់ ។ ភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅទស្សនកិច្ចនៅខេត្តសៀមរាបមាន ចំនួន ១៥នាក់ ស្រី ៤នាក់ មាន ៦សញ្ជាតិ និងភ្ញៀវមកពីខេត្តសៀមរាបបន្តដំណើតាមនាវា ODYSSEYS មានចំនួន ១២នាក់ ស្រី ៧នាក់ ស្មើនឹង ២សញ្ជាតិ។
នេះជាការចូលចតរបស់នាវាទេសចរណ៍បរទេសលើកទី៣ ក្នុងរដូវវស្សានេះ ហើយក៏បានបង្ហាញថា រដូវប្រាំងចូលមកដល់ ដែលនាវាទេសចរបរទេសនាំភ្ញៀវទេសចរបរទេសចូលមកទស្សនកិច្ចកម្ពុជា ភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសអ៉ឺរ៉ុប ជាពិសេសមកកាន់ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យគ្នានផ្សែង ជាមាសបៃតងក្នុងការរួមចំណែក បង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។


ចំពោះទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមានដូចជា ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ រមណីយដ្ឋានវប្បធម៌ (វត្តអារាម) តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូបសំណាកក្នុងខេត្តព្រះសីហនុ ជាដើម ។
សូមរម្លឹថា កាលពីថ្ងៃទី២២ ខែតុលានេះក៏មាននាវាទេសចរបរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៩០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាដែរ៕
ដោយ ងូ សុមុនី





