អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី សម្រេចការសាងសង់បាន៩៣ភាគរយហើយ នាពេលនេះ
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--នៅ រសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំអភិបាលរងខេត្ត មន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
តាមក្រុមហ៊ុនសាងសង់បានឱ្យដឹងថា មកដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦នេះ ការងារសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី សម្រេចបាន ៩៣ភាគរយ ហើយការសាងសង់គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ចិកា ២០២៦ខាងមុខនេះ។


ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះ សីហនុ បានធ្វើការណែនាំ និងជំរុញការកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យដំណើការ សាងសង់ប្រព្រឹត្តទៅដោយរលូន លឿនឆាប់តាមផែនការដែលបានគ្រោងទុក។ ម្យ៉ាងទៀតអគារថ្មីរបស់រដ្ឋបាលខេត្តព្រះសីហនុ សាងសង់តាមរចនាបទខ្មែរ ហើយក៏ជាអគាររដ្ឋបាលមួយទំនើបជាងអគាររដ្ឋបាលសាលាខេត្តផ្សេងទៀតនៅទូទាំងប្រទេសផងដែរ ។ អគាររដ្ឋបាលខេត្តនេះ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ ។

សូមរម្លឹកថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី មានទទឹង ១០១ម៉ែត្រ និងបណ្តោយ ១០២ម៉ែត្រ មានកម្ពស់ ៥ជាន់ ដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ៕


ដោយ ងូ សុមុនី





