ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិនៅទន្លេវ៉ៃគោខេត្តស្វាយរៀង
AKP ស្វាយរៀង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិនៅទន្លេវ៉ៃគោខេត្តស្វាយរៀង។

ទិវាមច្ឆជាតិ ១កក្កដា ត្រូវបានប្រារព្ធឡើង ដោយផ្អែកលើអនុក្រឹត្យលេខ ៩៦អនក្រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ស្តីពីការបង្កើតទិវាមច្ឆជាតិ ដែលកំណត់យកថ្ងៃទី១ ខែកក្កដា រៀងរាល់ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយគណៈកម្មការអចិន្ត្រៃយ៍រៀបចំបុណ្យជាតិ-អន្តរជាតិ គ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលាខេត្ត ក្រុង សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម និងសហគមន៍ ដើម្បីចាត់ចែងរៀបចំបារព្ធពិធីលែងកូនត្រី និងមច្ឆជាតិផ្សេងៗទៀត ក្នុងទិវាមច្ឆជាតិនេះឱ្យបានទូលំទូលាយ នៅគ្រប់ទីកន្លែងដែលមានលក្ខណៈសមស្រប។
គោលបំណងនៃទិវាមច្ឆជាតិគឺដើម្បីផ្សព្វផ្សាយនិងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្សនិងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។
ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុង ដែនទឹកធម្មជាតិ។
ទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ឆ្នាំ២០២៦នេះ នឹងលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុប ២០ប្រភេទ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីកាហែ ត្រីឆ្អិន ត្រីគ្រំ ត្រីត្រសក់ ត្រីកន្ត្រប់ខ្លា ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីសណ្តាយ ត្រីអណ្តែង ត្រីព្រលូង កង្កែប បង្កង អន្ទង់ អណ្ដើក កន្ធាយ សរុបប្រមាណ ១,៥លានក្បាល ។
សូមរម្លឹកជូនថា ទន្លេវ៉ៃគោនេះ ត្រូវបានប្រារព្ធទិវាមច្ឆជាតិ ជាលើកទី២ ដែលលើកទី១ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១១ (ទិវាមច្ឆជាតិ លើកទី៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ អាងទន្លេវ៉ៃគោមានទំហំ ១ ៦៨៦ហិកតានៅរដូវវស្សា ដែលអាចស្តុកទឹកបាន ៣០លានម៉ែត្រគូប និងមានទំហំ ១ ៣៥០ហិកតានៅរដូវប្រាំង អាចស្តុកទឹកបាន ១៥លានម៉ែត្រគូប។ ទន្លេវ៉ៃគោនៅតែរក្សាបាននូវតួនាទីដ៏សំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើនេសាទនិងធ្វើស្រែចំការ។
ប្រវត្តិឈ្មោះទន្លេវ៉ៃគោ តាមការស្រាវជ្រាវ នៅអំឡុងសតវត្សទី១២-១៣ អ្នកស្រុកយើងបានហៅទន្លេនេះជា ទន្លេវ៉ៃគោ ដោយហេតុថា អ្នកស្រុកនិងឈ្មួញនៅតំបន់នេះធ្លាប់មានប្រវត្តិ វ៉ៃសត្វគោ ក្របី ឱ្យឡើងលើទូកឬសំពៅ ដើម្បីចម្លងទៅត្រើយម្ខាងទៀត។ កាលពីសម័យនោះ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេនេះ មានសកម្មភាពជួញដូរជាមួយឈ្មួញជនជាតិចិននិងអាណ្ណាម ដែលចេញចូលតាមទូកនិងសំពៅ ដើម្បីដោះដូរនិងដឹកជញ្ជូនទំនិញផ្សេងៗ រួមទាំង សត្វគោ ក្របីផងដែរ។ ទន្លេនេះមានជម្រៅទឹកជ្រៅល្មម និងមានដៃតភ្ជាប់ទៅប៉ែកខាងក្រោម ដែលមានលក្ខណៈអំណោយផលខ្ពស់ សម្រាប់ធ្វើនេសាទ ធ្វើស្រែចំការ ធ្វើដំណើរ និងដឹកជញ្ជូនតាមផ្លូវទឹក។ ក្រោយមកទៀត អ្នកស្រុកក៏បានហៅទន្លេនេះថាជា ទន្លេវ៉ៃកូ វិញ។ ប៉ុន្តែក្នុងអនុក្រឹត្យលេខ៩៨អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ កំណត់យកឈ្មោះទន្លេនេះ ជា ទន្លេវ៉ៃគោ ដដែល (បច្ចុប្បន្នប្រជាពលរដ្ឋខ្លះហៅទន្លេវ៉ៃកូ អ្នកខ្លះទៀតហៅទន្លេវ៉ៃគោ)៕
ដោយ៖ គង់ សិរីរ័ត្ន





