អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសជំរុញមន្ត្រីក្រោមឱវាទ ពង្រឹងសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គភាពច្រកចេញចូលតែមួយ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស។

ការថ្លែងជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងនាយក-នាយករងទីចាត់ការ និងប្រធាន-អនុប្រធានការិយាល័យមួយចំនួនទៀត នៃរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ «ក» សាលាខេត្ត។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់ថា ការរៀបចំតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចមន្ត្រីរាជការ គឺជាដំណើរការធម្មតាស្របតាមរចនាសម្ព័ន្ធដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងធានាបាននូវការបម្រើសេវាជូនពលរដ្ឋដោយគុណភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់រូបត្រូវប្រតិបត្តិការងារតាមលំដាប់ថ្នាក់ និងច្បាប់កំណត់ ដោយត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អក្នុងការបម្រើប្រជាពលរដ្ឋ មិនត្រូវឱ្យមានភាពយឺតយ៉ាវ ឬការអូសបន្លាយពេលឡើយ។

លើសពីនេះ អភិបាលខេត្តបានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន នោះអង្គភាពច្រកចេញចូលតែមួយត្រូវធ្វើជាគំរូក្នុងការផ្តល់សេវាឱ្យបានឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល។

មន្ត្រីទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំរៀនសូត្រ និងបំពេញភារកិច្ចឱ្យស័ក្តិសមនឹងតួនាទីដែលថ្នាក់ដឹកនាំបានផ្តល់ទំនុកចិត្ត។
គួរជម្រាបជូនថា មន្ត្រីដែលទទួលបានការតែងតាំងថ្មីរួមមាន៖ លោក ឈឺន សូរិយា ជានាយករងរដ្ឋបាលសាលាខេត្ត, លោក ឈុន ប៊ុនថា ជាប្រធានអង្គភាពច្រកចេញចូលតែមួយ, លោក អ៊ុន ផាត ជានាយកទីចាត់ការអន្តរវិស័យ, លោក គុណ សុគន្ធ ជានាយករងទីចាត់ការអន្តរវិស័យ, លោក ពេជ្រ ដារ៉ា ជានាយករងទីចាត់ការហិរញ្ញវត្ថុព្រមទាំងប្រធាន-អនុប្រធានការិយាល័យចំនួន ៨ រូបផ្សេងទៀត ដែលត្រូវចូលរួមសហការជំរុញការងារអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន៕


ដោយឈុនសារ៉ាត





