ស្ថានទូតឥណ្ឌាប្រចាំកម្ពុជារៀបចំពិធីជប់លៀងជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុ បានរៀបចំពិធីជប់លៀងនៅលើទូកទេសចរណ៍ ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មក្នុងប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដឹកនាំដោយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីស្ថានទូត និងអ្នកសារព័ត៌មាន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ពិធីជប់លៀងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថាប័នសារព័ត៌មានទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពនានារបស់ស្ថានទូត ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា នាពេលកន្លងមក។
ក្នុងឱកាសនោះ លោក Vanlalvawna Bawitlung បានគូសបញ្ជាក់ថា កម្មវិធីជួបជុំនេះមិនត្រឹមតែជាការទទួលទានអាហាររួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវេទិកាដ៏មានសារប្រយោជន៍មួយ សម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងការបង្កើនទំនាក់ទំនងវិជ្ជាជីវៈរវាងស្ថានទូត និងអ្នកសារព័ត៌មានឱ្យកាន់តែស៊ីជម្រៅ។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការជាស្ពានចម្លងព័ត៌មានពិតស្តីពីកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ។កិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថានទូត និងអ្នកសារព័ត៌មាននេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជម្រុញការយល់ដឹងពីគ្នាទៅវិញទៅមក ក៏ដូចជាការរឹតចំណងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

ដោយ ទូច វលក្ខ័ណ





